ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ព្រមទាំងក្នុងនាមជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង ព្រមទាំងអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកទឹកផុស និងប្រធាន អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានឃុំ នៃស្រុកទឹកផុស នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញចុះសួរសុខទុក្ខវីរកងទ័ពចំនួន ៩រូប ដែលកំពុងសម្រាកព្យាបាលរបួស និងត្រូវផ្សែងពុលបង្កឡើងដោយកងទ័ពឈ្លានពានថៃ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ក្នុងខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះ រដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកំពូលកម្ពុជា មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ ដែលតែងតែគិតគូរពីសុខទុក្ខ និងសុខមាលភាពរបស់បងប្អូនជាវីរកងទ័ព និងគ្រួសារកងទ័ពនៅទូទាំងប្រទេស។
លោករដ្ឋមន្ត្រីបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចធិបតី និងលោកជំទាវបណ្ឌិត រួមមានសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់វីរកងទ័ពរងរបួសទាំង ៩រូប ព្រមទាំងឧបត្ថម្ភគ្រូពេទ្យប្រចាំការចំនួន ៤នាក់ និងសម្រាប់មន្ទីរពេទ្យផងដែរ។ លោកបានមានថ្លែងការកោតសរសើរ និងការដឹងគុណចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ពកម្ពុជាគ្រប់រូប ដែលហ៊ានបូជាសាច់ស្រស់ ឈាមស្រស់ និងអាយុជីវិត ក្នុងបុព្វហេតុការពារបូរណភាពទឹកដីនៅតាមព្រំដែនកម្ពុជា ថៃ ប្រយុទ្ធតទល់ជាមួយសត្រូវឈ្លានពានដើម្បីការពារទឹកដីឱ្យបានគង់វង្ស។
ជាថ្មីម្ដងទៀត លោករដ្ឋមន្ត្រី ក៏បានផ្ដាំផ្ញើគ្រូពេទ្យជួយយកចិត្តទុកដាក់ថែទាំវីរៈយុទ្ធជនដែលកំពុងសម្រាកព្យាបាលឱ្យបានឆាប់ជាសះស្បើយ និងបានសំណូមពរឱ្យវីរកងទ័ពខិតខំថែទាំសុខភាព ស្ដាប់តាមការណែនាំរបស់គ្រូពេទ្យ និងជូនពរឱ្យឆាប់ជាសះស្បើយ មានសុខភាពល្អមាំមួន និងអាចវិលត្រលប់ចូលអង្គភាពវិញ ដើម្បីបន្តបេសកកម្មការពារជាតិ និងមាតុភូមិ៕














