សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា អាណត្តិទី៧ ដែលប្រព្រឹត្តទៅនៅទីស្នាក់កណ្តាលកាកបាទក្រហមកម្ពុជា។
កិច្ចប្រជុំខាងលើនេះដោយមានការអញ្ជើញចូលរួមពី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា, លោកស្រីអនុប្រធាន សមាជិក-សមាជិកាគណៈកម្មាធិការកណ្តាល និងក្រុមប្រតិបត្តិ សរុបចំនួន ៣១រូប។
ជាកិច្ចចាប់ផ្ដើមនៃកិច្ចប្រជុំ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញសំណេះសំណាល និងលើកយកនូវរបៀបវីរៈដែលត្រូវលើកយកបង្ហាញ និងពិភាក្សា ទាំងការបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារអាទិភាពជាយុទ្ធសាស្ដ្រឆ្នាំ២០២៦ របាយការណ៍ចំណូល-ចំណាយមូលនិធិ ឆ្នាំ២០២៥ និងទិសដៅការងារអាទិភាពជាយុទ្ធសាស្ដ្រ និងផែនការចំណាយមូនិធិអាទិភាពសម្រាប់ឆ្នាំ២០២៦ រួមទាំងបញ្ហាផ្សេងស្របតាមស្ថានភាពបច្ចុប្បន្នភាព។
តាមប្រសាសន៍របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, ជាបន្ដនៃកិច្ចប្រជុំនេះលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានអានជូន អង្គប្រជុំជ្រាបពីរបាយការណ៍បូកសរុបសមិទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារអាទិភាពជាយុទ្ធសាស្ត្រ ឆ្នាំ២០២៦ ដែលក្នុងនោះបានរំលេចអំពីការឆ្លើយតបភ្លាមៗ ក្នុងការជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋភៀសសឹក ព្រមទាំងផ្តល់កម្លាំងចិត្តដល់វីរយុទ្ធជនរបួស និងរំលែកទុក្ខលំបាកគ្រួសារវីរយុទ្ធជនពលី តួយ៉ាងដូចជា៖ ព្រះរាជទ្រព្យចំនួន ២០ម៉ឺនដុល្លារអាមេរិក របស់ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានរៀបចំចាត់ចែងអំណោយចែកជូនជនភៀសសឹកប្រមាណជាង ៧,០០០គ្រួសារ នៅខេត្តឧត្តរមានជ័យ និងបន្ទាយមានជ័យ។
ជាមួយគ្នានេះ នៅចំពោះមុខសភាពការណ៍ក្នុងប្រទេស, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេច ប្រគល់ថវិកា ២១ម៉ឺនដុល្លារ ជូនគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្រាប់ទិញកៅស៊ូតង់ សង់ជម្រកជូន ប្រជាជនភៀសសឹក។ ជាមួយគ្នានេះបានផ្តល់អង្ករ និងទឹកបរិសុទ្ធ-ភេសជ្ជៈ ជូនសាខាចំនួន៦ គឺសាខាកាកបាទក្រហមកម្ពុជាខេត្ដឧត្តរមានជ័យ ព្រះវិហារ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងសាខាកាបាទក្រហមកម្ពុជាខេត្ដពោធិ៍សាត់ ដែលសាខានីមួយៗ ទទួលបានអង្ករ ២០តោន, ទឹកបរិសុទ្ធ២០០កេស និងភេសជ្ជៈវី-កូឡា ២០០កេស។
ទន្ទឹមនឹងនេះ ក៏បានទម្លាក់កញ្ចប់ថវិកាជូនទៅសាខា កាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ សម្រាប់ដោះស្រាយតម្រូវការភ្លាមៗ ជួយវីរយុទ្ធជនរបួស និងតម្រូវការបន្ទាន់ជួយជនភៀសសឹក។ កាកបាទក្រហមកម្ពុជា ក៏បានចុះសួរសុខទុក្ខ និងចែកអំណោយផ្ទាល់ជូនប្រជាជនភៀសសឹក ៧,៣៨៤គ្រួសារ នៅខេត្តព្រះវិហារ និងកំពង់ធំ ព្រមទាំងសួរសុខទុក្ខវីរយុទ្ធជនរបួសនៅមន្ទីរពេទ្យបង្អែកនៅតាមខេត្តទាំងពីរនេះ និងមន្ទីរពេទ្យទាំង ៥ ក្នុងរាជធានីភ្នំពេញ។
ជាមួយគ្នានេះ ក៏បានចាត់មន្ត្រីពិនិត្យមណ្ឌលភៀសសឹក ដែលនៅមានការខ្វះខាតស្បៀង សម្ភារ និងចុះចែកផ្ទាល់ជូនគ្រួសារភៀសសឹកចំនួនជាង ១ម៉ឺន៥ពាន់គ្រួសារ តាមមណ្ឌលសុវត្ថិភាពក្នុងខេត្តមានជម្លោះប្រដាប់អាវុធ។ ដោយឡែកថ្នាក់កណ្តាល រួមជាមួយសាខាខេត្តឧត្តរមានជ័យ ព្រះវិហារ និងសៀមរាប បានបណ្តុះបណ្តាល ពង្រឹងសមត្ថភាពអ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា ដែលជាជនភៀសសឹកប្រចាំការនៅក្នុងមណ្ឌលសុវត្ថិភាព នីមួយៗ សរុប ៣៤៦នាក់ (ស្ត្រី ១០៥នាក់) ដើម្បីផ្សព្វផ្សាយបន្តអំពីគោលការណ៍គ្រឹះ, ការការពារបដិរូប, មូលដ្ឋានច្បាប់ មនុស្សធម៌អន្តរជាតិ, ការស្វែងយល់ និងការបង្ការគ្រាប់មីន/យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ, ការការពារផ្សែងពុល, ការថែទាំសុខភាព, អនាម័យ, សុខភាពមាតា ទារក, សុខភាពផ្លូវចិត្ត និងសង្គ្រោះបឋម។ល។
បន្ថែមពីនេះ យុវជនកាកបាទក្រហមកម្ពុជា មកពី១៣គ្រឹះស្ថានឧត្តមសិក្សា បានចូលរួមបរិច្ចាគឈាម នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម បាន៣៦៩ប្លោក ដើម្បីបង្ហាញពី ការរួបរួមស្មារតីជាតិតែមួយ ជួយវីរកងទ័ពដែលរងរបួស និងជនភៀសសឹក កំពុងសម្រាកព្យាបាល។ កាកបាទក្រហមកម្ពុជា មានកិច្ចសហប្រតិបត្តិការជាប់ជានិច្ច និងផ្លាស់ប្តូរព័ត៌មានជាប្រចាំជាមួយគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC)។
ចំណែកឯក្រុមប្រតិបត្តិ មន្ត្រី អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា នៅតាមបណ្តាសាខា បាននិងកំពុងធ្វើការអប់រំផ្សព្វផ្សាយ អំពីការថែទាំសុខភាព និងអនាម័យបរិស្ថាន រួមទាំង ផ្តល់សម្ភារអនាម័យសុខភាព ជូនស្ត្រី មានផ្ទៃពោះ និងស្ត្រីមានកូនតូចក្នុង១ថ្ងៃៗរាប់ពាន់នាក់ និងចុះអប់រំផ្សព្វផ្សាយពីមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះអនាម័យសុខភាព ទឹកស្អាតបរិស្ថាន ជួយសង្គ្រោះបឋម និងជំងឺឆ្លង-មិនឆ្លង ជូនប្រជាពលរដ្ឋភៀសសឹកនៅតាមមណ្ឌលសុវត្ថិភាពក្នុង១ថ្ងៃៗ រាប់ម៉ឺននាក់។
បើទោះបីជាប់ដៃនឹងការងារសំខាន់ៗដោយសារវិបត្តិនៅតាមព្រំដែនក៏ដោយ ក៏កាកបាទក្រហមកម្ពុជា នៅតែធ្វើសកម្មភាពតាមផែនការប្រចាំឆ្នាំ២០២៥ ទៅតាមវិស័យអាទិភាពទាំង៤ នៃយុទ្ធសាស្រ្តកាកបាទក្រហមកម្ពុជា ក្នុងនោះការងារសំខាន់ៗសម្រេចបានមានដូចជាការចែកអំណោយជូនប្រជាជនរងគ្រោះសរុប ៤៥,៧៥៩គ្រួសារ, បានដាំដើមឈើ ជាង ២០,៥៧២ដើម, ការបន្តផ្តល់ថវិកា ១លានដុល្លារ ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា, ជូនមន្ទីរពេទ្យកុមារអង្គរ ៥ម៉ឺនដុល្លារ និងជូនមន្ទីរពេទ្យហ្លួងម៉ែ ៥លានដុល្លារ សម្រាប់ទិញម៉ាស៊ីនព្យាបាលជំងឺមហារីក។ ជាមួយគ្នានេះ ក៏បានផ្តោតលើការងារ ឥស្សរជនឆ្នើមថ្នាក់ជាតិ, ការងារសុខភាពគ្រាអាសន្ន, ការបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋម, ការងារអភិវឌ្ឍសហគមន៍, ការងារលើកកម្ពស់គោលការណ៍គ្រឹះ និងការយល់ដឹង អំពីគុណតម្លៃរបស់ចលនា, ការងារលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់ មនុស្សជាតិ, ការងារលើកកម្ពស់សុខុមាលភាពសង្គម និងវិស័យអាទិភាពការអភិវឌ្ឍស្ថាប័ន។
ថ្លែងក្នុងឱកាសនោះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ សមិទ្ធផលដែលសម្រេចបាននាពេលកន្លងមក និងបានផ្តល់អនុសាសន៍ដល់ក្រុមប្រតិបត្តិ សូមបន្តការងារដោយការទទួល ខុសត្រូវ ត្រូវមានកិច្ចសហការគ្នា សាមគ្គីគ្នា ដើម្បីសម្រេចបានលទ្ធផលក្នុងការជួយដល់ប្រជាពលរដ្ឋ កាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលល្អជាងមុន។
ទន្ទឹមនឹងនោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានជំរុញលើកទឹកចិត្តឱ្យសកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា កាន់តែសកម្មផុសផុលឡើង នៅតាមគ្រឹះស្ថានសិក្សា និងនៅតាមសហគមន៍រៀងៗខ្លួន។
ជាចុងបញ្ចប់អង្គប្រជុំបានឆ្លងសេចក្តីព្រាង របាយការណ៍ចំណូល-ចំណាយមូលនិធិ ឆ្នាំ២០២៥ ព្រមទាំងបានស្នើសុំការអនុម័ត របាយការណ៍បូកសរុបសមិទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារអាទិភាពជាយុទ្ធសាស្ត្រ ឆ្នាំ២០២៦ និងផែនការ ចំណាយមូលនិធិជាអាទិភាពសម្រាប់ឆ្នាំ២០២៦ ព្រមទាំងបានពិភាក្សាលើបញ្ហាផ្សេងៗមួយចំនួនទៀតផងដែរ។
សូមជម្រាបថាបន្ទាប់ពីបានប្រារព្ធមហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្តិទី៧ កាលពីខែធ្នូ ឆ្នាំ២០២៣កន្លងទៅ, គណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំជាទៀងទាត់ ដែលកិច្ចប្រជុំគឺត្រូវបានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា៕

















































