រសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍សិក្សានៅប្រទេសអូស្រ្តាលី និងនូវែលសេឡង់ នៅទីស្ដីការ ក.ប.ទ.។
ក្នុងជំនួបសំណេះសំណាលនេះ លោករដ្ឋមន្រ្តីបានលើកឡើងអំពីស្ថានភាពបច្ចុប្បន្ននៃការឈ្លានពានរបស់កងទ័ពថៃ មកលើដែនអធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជា។
បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានរៀបរាប់អំពីវឌ្ឍនភាពនិងសមិទ្ធផលការងាររបស់ក្រសួង ដែលសម្រេចបាននាពេលកន្លងមក ការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល ការអភិវឌ្ឍថ្នាលនិងកម្មវិធីរាជរដ្ឋាភិបាល និងការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថលនៅកម្ពុជា។
មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់និស្សិតជ័យលាភីអាហារូបករណ៍ទាំងពីរក្រុម ព្រមទាំងបានលើកទឹកចិត្តឱ្យនិស្សិតជ័យលាភីទាំងអស់ ត្រូវយកចំណេះដឹងដែលខ្លួនបានទទួលក្រោយសិក្សានៅបរទេស មកជួយអភិវឌ្ឍនិងកសាងប្រទេសជាតិយើងឱ្យបានរីកចម្រើនជាលំដាប់ និងត្រូវប្រកាន់ខ្ជាប់នូវស្មារតីជា “ខ្មែរ” ទោះស្ថិតក្នុងកាលទេសៈណាក៏ដោយ៕













