ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ បានបន្តនាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចែកជូនប្រជាពលរដ្ឋភៀសសឹក កំពុងស្នាក់នៅបណ្តោះអាសន្នតាមសហគមន៍នានា ក្នុងស្រុកគូលែន។
ក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី បាននូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ រួមសុខ រួមទុក្ខ ជាមួយប្រជាពលរដ្ឋយើង ពិសេសប្រជាពលរដ្ឋភៀសសឹក ដែលរងគ្រោះដោយសារអំពើឈ្លានពានដ៏ព្រៃផ្សៃ របស់ប្រទេសថៃមកលើប្រទេសកម្ពុជា។
ឯកឧត្តមអភិបាលខេត្តព្រះវិហារ បានថ្លែងបញ្ជាក់ថា រហូតមកដល់ពេលនេះ ការវាយប្រហារឈ្លានពានរបស់យោធាសៀម កាន់តែមានភាពសាហាវឃោឃៅ និងកាន់តែចូលជ្រៅមកក្នុងដែនអធិបតេយ្យរបស់កម្ពុជា ដែលធ្វើឱ្យចំនួនប្រជាពលរដ្ឋភៀសសឹក មានការកើនឡើងយ៉ាងខ្លាំង។ ស្ថានភាពនេះ តម្រូវឱ្យយើងទាំងអស់គ្នា ត្រូវបន្តរួមគ្នាដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋភៀសសឹក និងវីរកងទ័ពឱ្យកាន់តែសស្រាក់សស្រាំថែមទៀត។
ឯកឧត្តម គីម រិទ្ធី បានថ្លែងទៀតថា អំណោយដែលយកមកប្រគល់ជូននាពេលនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់បំផុតពីសម្តេចទាំងទ្វេរ ចំពោះប្រជាពលរដ្ឋទូទាំងប្រទេស ពិសេសដើម្បីសម្រាលការលំបាករបស់ប្រជាពលរដ្ឋភៀសសឹក និងគ្រួសារវីរកងទ័ព ដែលបានជម្លៀសមកទីសុវត្ថិភាពដោយសារការឈ្លានពានដ៏កំរោលឃោរឃៅ និងព្រៃផ្សៃពីទាហានសៀម។
ឯកឧត្តមអភិបាលខេត្តព្រះវិហារ គីម រិទ្ធី ក៏បានថ្លែងក្រើនរំលឹកដល់ប្រជាពលរដ្ឋភៀសសឹក ឱ្យយកចិត្តទុកដាក់ចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ កន្លែងស្នាក់នៅ ពិសេសរក្សាអនាម័យ ថែទាំសុខភាព បង្ការជំងឺនានា និងសូមឱ្យបងប្អូនប្រជាពលរដ្ឋ មានភាពនឹងនរ និងកក់ក្តៅក្នុងចិត្ត ព្រោះថារាជរដ្ឋាភិបាល និងសប្បុសរជនទាំងអស់នឹងនៅរួមសុខ រួមទុក្ខជាប់ជានិច្ច ដោយមិនបោះបង់បងប្អូនចោលឡើយ។
ទន្ទឹមនេះ សូមប្រជាពលរដ្ឋត្រូវមានការអត់ធ្មត់ និងជឿជាក់លើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការស្វែងរកដំណោះស្រាយទាំងផ្លូវការទូត ផ្លូវច្បាប់ និងយោធា ដើម្បីការពារអាយុជីវិតប្រជាជន បូរណភាពទឹកដី និងឈានទៅបញ្ចប់សង្រ្គាម នាំយកសុខសន្តិភាព នាពេលខាងមុខនេះ ហើយបងប្អូនអាចវិលត្រឡប់ទៅលំនៅដ្ឋាន ភូមិ ស្រុក រៀងៗខ្លួនវិញ៕











