ក្នុងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភានៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្ញើសាររំលែកមរណទុក្ខជូន លោក តោក សំអាល់ និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ លោកស្រី គង់ សារឿន អតីតប្រធានវីរនារីនៅអង្គភាពនារីចល័តដោះមីននៅខេត្តស្វាយរៀង។
តាមរយៈសារលិខិតនេះ សម្តេចតេជោ មានសេចក្តីសោកស្តាយជាទីបំផុត ក្រោយពីបានទទួលដំណឹងដ៏ក្រៀមក្រំអំពីមរណភាពរបស់ លោកស្រី គង់ សារឿន អតីតប្រធានវីរនារីនៅអង្គភាពនារីចល័តដោះមីននៅខេត្តស្វាយរៀង ដែលជាម្តាយបង្កើតជាទី គោរពស្រឡាញ់របស់ លោកតោក សំអាល់ នាថ្ងៃអាទិត្យ ៩កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ០១:០៣ នាទីរំលងអធ្រាត្រ។
ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចតេជោ និងសហការី សូមចូលរួមរំលែកទុក្ខ និងការ ស្តាយស្រណោះ អាឡោះអាល័យស្ទើររកទីបំផុតគ្មាន ជាមួយ លោក តោក សំអាល់ និងក្រុមគ្រួសារ ចំពោះការបាត់បង់នូវម្តាយបង្កើត ម្តាយក្មេក ជីដូនជាទីគោរពស្រលាញ់បំផុត ដែលប្រកបដោយសង្គហធម៌ ជាពិសេសគឺ ការបាត់បង់វីរនារីឯកទេសដោះមីនតាំងពីទសវត្សរ៍ឆ្នាំ៨០មួយរូបដ៏អង់អាចក្លាហាន ដែលតែងតែធ្វើ ពលិកម្មគ្រប់បែបយ៉ាងប្រកបដោយឆន្ទៈមនសិការដ៏មោះមុត និងការទទួលខុសត្រូវ ក្នុងបុព្វហេតុសុខ សន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍជូនប្រជាជនកម្ពុជា តាមរយៈការរុករក និងកម្ចាត់ចោលនូវគ្រាប់មីន និងកាកសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមដែលនៅសេសសល់ចេញពីព្រះរាជាណាចក្រកម្ពុជា។
សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកស្រី គង់ សារឿន ឆាប់បានចាប់ កំណើត កើតក្នុងសុគតិភពគ្រប់ជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕


