អភិបាលខេត្តពោធិ៍សាត់ ទទួលអំណោយជាថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារមួយចំនួនពីសមាគមធនាគារនៅកម្ពុជា ដើម្បីជូនដល់ពលរដ្ឋភៀសសឹក និងវីរកងទ័ពជួរមុខ


លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញទទួលអំណោយជាថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារមួយចំនួនពីលោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា ដើម្បីបន្តចែកជូនដល់ពលរដ្ឋភៀសសឹក នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងជូនដល់វីរកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូការពារបូរណភាពទឹកដី ប្រកបដោយភាពក្លាហាន មុះមុត ប្រឆាំងនឹងសត្រូវឈ្លានពាន ដោយស្មារតីស្នេហាជាតិមាតុភូមិ។

ក្នុងនាមរដ្ឋបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជន ដែលបានចំណាយនូវទ្រព្យសម្បិត្តផ្ទាល់ខ្លួន ដើម្បីជូនដល់ពលរដ្ឋភៀសសឹក និងជាការលើកទឹកចិត្ត ដល់វីរកងទ័ពរបស់យើងមានស្មារតីក្លាហាន មុះមុត ខិតខំតស៊ូការពារបូរណភាពទឹកដី ប្រឆាំងនឹងសត្រូវឈ្លានពានថៃ ដែលនេះសបញ្ជាក់ឱ្យឃើញថា បងប្អូនខ្មែរគ្រប់ស្រទាប់វណ្ណៈ បានសាមគ្គីគ្នាជាធ្លុងមួយ ក្លាយជាខឿនការពារជាតិ និងប្រជាជន គឺសមរភូមិក្រោយជួយដល់សមរភូមិមុខ និងបងប្អូនប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀសខ្លួន មកកាន់មណ្ឌលសុវត្ថិភាពនានា។

លោកអភិបាលខេត្ត បានសន្យាថាអំណោយ និងសម្ភារទាំងអស់នេះ រដ្ឋបាលខេត្តពោធិ៍សាត់ និងត្រូវបែងចែកដឹកជញ្ជូនទៅជូនវីរកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋ ដែលជាជនភៀសសឹក តាមដែលអាចធ្វើបាន។

លោកសូមបួងសួងដល់គុណព្រះរតនត្រ័យកែវទាំងបី សូមព្រះអង្គជួយប្រោះព្រំ ប្រសិទ្ធពរជ័យ បវរសួស្តី មហាប្រសើរ សូមជួយថែរក្សាដល់ លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា និងសហការីទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។

អំណោយរបស់សមាគមធនាគារនៅកម្ពុជា The Association of Banks in Cambodia ដែលបានជួយឧបត្ថម្ភ ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីបន្តចែកជូនដល់ពលរដ្ឋភៀសសឹក និងជូនដល់វីរកងទ័ពជួរមុខរួមមាន៖ ថវិកា ៨លានរៀល, ទឹកបរិសុទ្ធ១០០កេស, អង្ករ ២តោន, មី ១០០កេស, ត្រីខ ១៥០យូរ, ទឹកស៊ីអ៉ីវ ១៥០យួរ, ទឹកត្រី ១៥០យូរ, សាច់ផាត់ ៣០គីឡូក្រាម, ខោអាវ ៣គីប និងឈុត (ថ្នាំដុសធ្មេញ, ច្រាស, សាប៊ូកក់សក់, សាប៊ូដុសខ្លួនម្សៅ និងសាប៊ូ) មួយចំនួន៕