លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានបង្ហាញក្ដីឈឺចាប់ជាពន់ពេក បន្ទាប់ពីឃើញប្រាង្គប្រាសាទព្រះវិហារ ដែលមាននៅលើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតយ៉ាងដំណំ។
លោកជំទាវបណ្ឌិត ជា សិរី បានថ្លែងថា «រូបប្រៀបធៀបកាលខ្ញុំទៅលេងប្រាសាទព្រះវិហារ នៅថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៥ និងរូបភាពបង្ហោះតាមបណ្តាញសង្គម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ទប់ទឹកភ្នែកមិនបានទេ នៅពេលឃើញស្ថានភាពនេះ។ ក្នុងនោះមានរូប១ ខ្ញុំកាន់លុយខ្មែរក្រដាស ២០០០រៀល ដែលមានរូបប្រាង្គប្រាសាទនៅលើនោះ ឥឡូវអស់ហើយ អស់ហើយ សល់តែរូបថត ការចងចាំ និងការឈឺចាប់ប៉ុណ្ណោះ»។
លោកជំទាវបណ្ឌិត ជា សិរី បានបន្ដថា ការចាយប្រាក់រៀល ដែលមានអត្តសញ្ញាណជាតិរបស់យើង គឺជាមោទនភាពរបស់យើង។ នេះជាវិធីមួយ ដើម្បីចូលរួមផ្សព្វផ្សាយ ឲ្យបានទំលំទូលាយបន្ថែមទៀត ពីអត្តសញ្ញាណជាតិរបស់យើង ដល់ប្រជាជន និងយុវជនជំនាន់ក្រោយ ដែលមិនទាន់បានឃើញ និងជាពិសេសដល់ភ្ញៀវបរទេស ឲ្យយល់ពីកេរដំណែលដ៏រុងរឿងរបស់យើង៕










