ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោង នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន របស់សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ចែកជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក និងគ្រួសារកងទ័ពជាលើកទី២ ចំនួន៣៨៤គ្រួសារ ដែលកំពុងស្នាក់នៅតាមទីកន្លែងសុវត្ថិភាពនានា ក្នុងភូមិសាស្ត្រស្រុកស្ទោង ខេត្តកំពង់ធំ។
សូមជម្រាបថា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ដោយឈរលើស្មារតីរួបរួមសាមគ្គីគ្នាខ្មែរតែមួយ ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារ បាននាំយកអំណោយ សប្បុរសធម៌ចែកជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក និងគ្រួសារកងទ័ព ក្នុងភូមិសាស្ត្រស្រុកស្ទោង ម្ដងរួចមកហើយ ចំនួន៥០០គ្រួសារ ដើម្បីជួយបន្ធូរបន្ថយការលំបាក ខ្វះខាតទាំងឡាយនៅចំពោះមុខ ខណៈដែលបងប្អូននិងក្រុមគ្រួសារ ត្រូវបង្ខំចិត្តចាកចោលផ្ទះសម្បែង ដោយសារសង្គ្រាមឈ្លានពានដ៏ឃោរឃៅ ពីសំណាក់ចោរសៀមមកលើដែនអធិបតេយ្យកម្ពុជា ហើយកំពុងស្នាក់នៅបណ្តោះអាសន្ននៅតាមទីតាំងសុវត្ថិភាពនានា។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់បងប្អូនភៀសសឹកទាំងអស់ សូមខិតខំថែទាំសុខភាពឱ្យបានល្អតាមវិធានការអនាម័យ ហើយសូមគាំទ្រ និងជឿជាក់លើវីរកងទ័ព និងវីរនគរបាលដ៏អង់អាចដែលបាននិងកំពុងឈរជើងយ៉ាងរឹងមាំការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ជាពិសេសត្រូវជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា មានសម្តេចតេជោប្រធានព្រឹទ្ធសភា និងសម្តេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រកបដោយយុទ្ធសាស្ត្រ ដើម្បីស្វែងរកសន្តិភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋទូទាំងប្រទេស។
សូមបញ្ជាក់ថា អំណោយសប្បុរសធម៌នៃកម្លាំងមហាសាមគ្គីជាតិដ៏រឹងមាំក្នុងស្មារតីរួម «ខ្មែរតែមួយ» ជួយគ្នាក្នុងគ្រាអាសន្ន ក្នុងស្មារតីភាតរភាពរបស់ប្រជាជាតិខ្មែរ ដែលត្រូវប្រគល់ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកនាពេលនេះ គឺក្នុងមួយគ្រួសារៗទទួលបាន អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ មី ត្រីខ និងថវិកាចំនួន៥ម៉ឺនរៀល៕












































