(ភ្នំពេញ)៖ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខណ្ឌកំបូល បានអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជា រួមគ្នាជាធ្លុងមួយ ជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហាព្រំដែន ជាមួយប្រទេសថៃ តាមច្បាប់អន្តរជាតិ។
ការអំពាវនាវយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសដែល លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី អញ្ជើញសំណេះសំណាល ជាមួយគ្រួសារមានកូនតូចជាង១០០គ្រួសារ នៅសង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានលើកឡើងពីការឈ្លានពានយ៉ាងកំរោលរបស់ថៃ មកលើដែនអធិបតេយ្យរបស់កម្ពុជា។
ក្នុងន័យនេះ លោកជំទាវអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រឹងឈរខ្លួនឯង ខិតខំខ្លួនឯង និងពង្រឹងភាពម្ចាស់ការខ្លួនឯង ដើម្បីធានាដល់ការការពារ និងកសាងប្រទេសជាតិ។ ផ្អែកលើកម្លាំងមហាសាមគ្គី និងស្មារតីស្នេហាជាតិដ៏មោះមុត កម្ពុជាពិតជាបន្តយកឈ្នះលើរាល់ឧបសគ្គបាន។
លោកជំទាវ អ៊ឹង កន្ថាផាវី ក៏បានអំពាវនាវឱ្យមាតាបិតា មើលថែសុខភាព និងអប់រំកូន ឱ្យក្លាយជាធនធានមនុស្ស ដែលប្រកបដោយចំណេះដឹង និងសមត្ថភាព ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ នាពេលអនាគត។
ជាមួយគ្នានេះ លោកជំទាវកិត្តិបណ្ឌិត ក៏បានប្រគល់ជូនម៉ាស៊ីនត្រជាក់ចំនួន២ និងថវិកាមួយចំនួន ដល់មណ្ឌលសុខភាពប្រទះឡាង ស្ថិតក្នុងខណ្ឌកំបូលផងដែរ។
លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានអរគុណមណ្ឌលសុខភាពប្រទះឡាង ដែលបានជួយឱ្យប្រជាពលរដ្ឋ នៅសង្កាត់ប្រទះឡាង ទទួលបានសុខភាពល្អ និងលើកទឹកចិត្ត ដល់មណ្ឌលសុខភាព បន្តបំពេញសេវា ឱ្យមានគុណភាព សីលធម៌ និងប្រកបដោយវិជ្ជាជីវៈ៕

























