(ភ្នំពេញ)៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានរម្លឹកប្រសាសន៍សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែបញ្ជាក់ថា កម្ពុជាចង់បានព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ពាក្យពេចន៍ទាំងនេះដែលបញ្ជាក់ពីបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ថ្នាក់ដឹកនាំកម្ពុជាតែងលឺរងំក្នុងត្រចៀកនិងដិតជាប់ក្រអៅបេះដូងប្រជាពលរដ្ឋខ្មែរគ្រប់ៗគ្នា។
បើតាមឯកឧត្តម ប៉ែន បូណា នេះសបញ្ជាក់យ៉ាងច្បាស់ថា សង្គ្រាមដែលកើតឡើងនៅតាមបណ្តោយព្រំដែនកម្ពុជាថៃកន្លងទៅនេះមិនមែនជាបំណងប្រាថ្នា ហើយរឹតតែមិនមែនជាជម្រើសរបស់កម្ពុជាសោះឡើយ។ កម្ពុជាបានប្រកាន់យកការអត់ធ្មត់ដល់កម្រិតខ្ពស់បំផុត និងគ្រាន់តែប្រើសិទ្ធិស្វ័យការពារខ្លួននិងខិតខំការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួនស្របតាមច្បាប់អន្តរជាតិតែប៉ុណ្ណោះ។
ការចេញមករម្លឹកប្រសាសន៍របស់ថ្នាក់ដឹកនាំកម្ពុជា បែបនេះរបស់ឯកឧត្តម ប៉ែន បូណា បានធ្វើឡើងនៅក្នុងឱកាសអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មានស្តីពី «ការវិវត្តន៍ស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃ» គិតមកដល់ព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា នៅក្នុងសេចក្តីប្រកាសរួមថ្ងៃទី២៧ ធ្នូ ២០២៥ ត្រង់ចំណុចទី៣មានចែងអំពីភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចំរុះព្រំដែនបន្តអនុវត្តការងារវាស់វែងនិងខណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។
ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជានៅតែខិតខំប្រឹងប្រែងដោយដៃម្ខាងការពារបូរណភាពទឹកដីទប់ទល់ជាមួយការរំលោភបំពាន និងដៃម្ខាងទៀតធ្វើការងារការទូតយ៉ាងសកម្មដើម្បីបញ្ឈប់សង្គ្រាម និងទាញមករកដំណោះស្រាយដោយសន្តិវិធីវិញ។ ការសម្រេចបានបទឈប់បាញ់ពីរលើក និងការឯកភាពគ្នាដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈការប្រើប្រាស់យន្តការដែលមានស្រាប់ ដោយអនុលោកតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ គឺជាលទ្ធផលជាក់ស្តែងដែលឆ្លុះបញ្ចាំងពីបំណងប្រាថ្នារបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋខ្មែរដែលចង់បាន។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជូនឡើងវិញថា កម្ពុជាស្រឡាញ់និងការពារសន្តិភាពហើយជានិច្ចកាលប្រកាន់យកការដោះស្រាយបញ្ហាដោយសន្តិវិធី។ កម្ពុជាអនុវត្តបទឈប់បាញ់យ៉ាងម៉ឺងម៉ាត់ និងស្មោះត្រង់បំផុត។ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទីនិងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។
កម្ពុជាក៏មិនធ្វើសម្បទានលើអធិបតេយ្យនិងបូរណភាពទឹកដីក្នុងដែនអធិបតេយ្យស្របច្បាប់របស់ខ្លួនជាដាច់ខាត។ សូមបងប្អូនប្រជាពលរដ្ឋខ្មែរចងចាំថា កម្លាំងមហាសាមគ្គីជាតិនិងការចងចាំប្រវត្តិសាស្ត្រគឺជាខ្សែការពារជាតិរឹងមាំបំផុតរបស់កម្ពុជាដូចប្រសាសន៍សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សាមគ្គីរស់ សាមគ្គីឈ្នះ ហើយគ្មានអានុភាពណាមកបំផ្លាញឆន្ទៈរបស់យើងបានឡើយ៕

