ឧបការីរដ្ឋមន្ត្រីការបរទេសអាម៉េរិក៖​ ប្រធានាធិបតីអាមេរិក បន្តយកចិត្តទុកដាក់ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ


ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅតែបន្តយកចិត្តទុកដាក់ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ជាពិសេសការអនុវត្តន៍សេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ នេះជាការបញ្ជាក់របស់លោក Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វីក។

នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Michael George DeSombre ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនេះ លោក DeSombre បានជម្រាបជូនសម្តេចបវរធិបតីថា រដ្ឋាភិបាល​សហរដ្ឋអាមេរិក ជាពិសេសលោកប្រធានាធិបតី Donald Trump បន្តយកចិត្តទុកដាក់​ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងការអនុវត្តតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទី​ក្រុងគូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ហើយលោកក៏បានសម្តែងសេចក្តីរីក​រាយ​ចំពោះយោធិនកម្ពុជា ១៨រូប ដែលត្រូវបានដោះលែងមកជួបជុំគ្រួសារវិញ។

លោក DeSombre បានគូសបញ្ជាក់បន្ថែមថា សហរដ្ឋអាមេរិក បន្តជំរុញការរក្សាបទ​ឈប់បាញ់ និងចង់ឃើញសន្តិភាពយូរអង្វែងរវាងកម្ពុជា និងថៃ។ លោក DeSombre បានប្រកាសថា សហរដ្ឋអាមេរិក នឹងផ្តល់ជំនួយចំនួន ១៥លានដុល្លារ សម្រាប់ការ​គាំទ្រ​ដល់ជនភៀសសឹកនៅព្រំដែនប្រទេសទាំងពីរ និងចំនួន ១០លានដុល្លារ សម្រាប់ការ​ដោះ​មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។

សម្តេចមហាបវរធិបតី បានថ្លែងអំណរគុណចំពោះលោកប្រធានាធិបតី Donald Trump ក៏ដូចរដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដែលបានសម្របសម្រួលបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ហើយបន្តយកចិត្តទុកដាក់ចំពោះការកសាងសន្តិភាពរវាងកម្ពុជា និងថៃ ព្រមទាំងបានប្រកាសផ្តល់ជំនួយស្តារជីវភាពជនភៀសសឹក និងគាំទ្រកិច្ចប្រឹងប្រែងដោះមីនមនុស្សធម៌។

សម្តេចមហាបវរធិបតីបានសង្កត់ធ្ងន់ថា កម្ពុជាតែងផ្តល់តម្លៃលើសន្តិភាព និងប្រកាន់​ខ្ជាប់​ការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ។ សម្តេចបវរធិបតី​សង្ឃឹម​ថា សហរដ្ឋអាមេរិក នឹងបន្តជំរុញភាគីទាំងពីរក្នុងការអនុវត្តឱ្យបានពេញលេញ​នូវ​សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ និង សេចក្តីប្រកាសរួមនៃកិច្ចប្រជុំ​ពិសេស​លើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសការអនុញ្ញាតជនស៊ីវិលត្រឡប់ទៅផ្ទះសម្បែងវិញដោយសុវត្ថិភាព ដោយ​គា្មន​ការរារាំង និងការបន្តឡើងវិញនូវការងាររបស់គណៈកម្មការចម្រុះ​ខណ្ឌសីមាព្រំដែនគោក ក្នុងការចុះវាស់វែង និងខណ្ឌសីមាព្រំដែនគោករវាងប្រទេសទាំងពីរ ដើម្បីជាមូលដ្ឋាន​សម្រាប់​ការកសាងសន្តិភាពយូរអង្វែងរវាងកម្ពុជា និងថៃ។

សម្តេចបវរធិបតី និងលោក DeSombre ក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព​គួរឱ្យ​កត់​សម្គាល់នៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិកផងដែរ និងបានឯកភាពបន្តជំរុញ​វិធាន​ការជាក់លាក់ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងវិស័យ​ពាណិជ្ជ​កម្មនិងវិនិយោគ ការពារជាតិនិងសនិ្តសុខ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងការអនុវត្តច្បាប់ រួមទាំងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

លោក DeSombre បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងផ្តល់ជំនួយចំនួន​១០លាន​ដុល្លារ សម្រាប់ការកសាងសមត្ថភាពរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង​នឹងការឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា៕