ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីបូជាសព ឯកឧត្តម តុប សារឿន អនុរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា ដែលបានទទួលមរណភាពក្នុងជន្មាយុ ៦៩ឆ្នាំ ដោយរោគាពាធ ដែលពិធីនេះបានប្រារព្ធនៅក្នុងបរិវេណវត្តពោធិសត្ថារាម (ហៅវត្តពោធិ៍ចិនតុង) ស្ថិតនៅភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាថ្ងៃចន្ទ ៩រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦។
ពិធីបូជាសពនេះ មានការនិមន្តពីសំណាក់ សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា អមដោយព្រះមន្ត្រីសង្ឃ ក្នុងនោះផងដែរក៏មានការអញ្ជើញចូលរួមរបស់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក និងមន្ត្រីរាជការ ក្រុមគ្រួសារនៃសព ព្រមទាំងពុទ្ធបរិស័ទ និងញាតិមិត្តជិតឆ្ងាយ។
ក្នុងវេលាប្រកបដោយក្តីវិយោគនិងសេចក្តីសោកសង្រេងនេះ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានសម្តែងនូវការសោកស្តាយស្រណោះអាឡោះអាល័យជាពន់ពេក និងសូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំជាមួយ លោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម តុប សារឿន សូមបាន ទៅកាន់ឋានបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ៕


