(នីវ៉ាដា/សហរដ្ឋអាមេរិក)៖ សមាជិកសភាអាមេរិកប្រចាំរដ្ឋនីវ៉ាដា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ៩៖៣០នាទីព្រឹក ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ១២៖៣០នាទីអាធ្រាត (ម៉ោងនៅកម្ពុជា) បានចេញសេចក្ដីប្រកាសទទួលស្គាល់ថ្ងៃ៧ មករា ជាថ្ងៃជ័យជម្នះ និងចងចាំជាប្រវត្តិសាស្ត្រ និងជាបុណ្យជាតិដល់ប្រជាជនខ្មែរយើងគ្រប់រូប នៅក្រោមកិច្ចខិតខំប្រឹងប្រែងរបស់លោក ប៉ោ សួន ដែលបានដឹកនាំសម្របសម្រួល និងចង្អុលបង្ហាញដល់ក្រុមការងារយុវជន ដើម្បីឱ្យមានការទទួលស្គាល់ថ្ងៃ៧ មករា ជាថ្ងៃជ័យជម្នះ សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែររស់នៅរដ្ឋនីវ៉ាដា សហរដ្ឋអាមេរិក។
សមាជិកសភាអាមេរិកប្រចាំរដ្ឋនីវ៉ាដា បានរៀបចំពិធីប្រគល់-ទទួលសេចក្ដីប្រកាសនៅការិយាល័យប្រឹក្សានីតិប្បញ្ញត្តិ នៃរដ្ឋនីវ៉ាដា (State of Nevada Legislative Counsel Bureau) ស្ថិតនៅទីក្រុងឡាសវេហ្គាស រដ្ឋនីវ៉ាដា សហរដ្ឋអាមេរិក ដោយមានការចូលរួម ពីតំណាងលោកអភិបាលរដ្ឋនីវ៉ាដា, សមាជិកសភាប្រចាំរដ្ឋនីវ៉ាដា សហរដ្ឋអាមេរិក, តំណាងសមាជិកព្រឺទ្ធសភាអាមេរិក, តំណាងរបស់តំណាងរាស្ត្រសភាអាមេរិក, ប្រតិភូរបស់ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក, ប្រតិភូទៅពីកម្ពុជា, ថ្នាក់ដឹកនាំរបស់អង្គការក្រៅរដ្ឋាភិបាលធំៗនៅរដ្ឋនីវ៉ាដា, និងសហគមន៍ខ្មែររស់នៅរដ្ឋនីវ៉ាដា សហរដ្ឋអាមេរិក។ ក្នុងពិធីប្រគល់-ទទួលសេចក្ដីប្រកាសនេះ ក៏មានការចូលរួមក្រោមវត្តមានលោក កុយ គួង ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជា ប្រចាំសហរដ្ឋអាមេរិក និងប្រចាំម៉ិកស៊ិកកូ និងប្រតិភូទៅពីកម្ពុជាដឹកនាំដោយ លោក ស សេរីវិចិត្រ ប្រកបដោយបរិយាកាសសប្បាយរីករាយ និងស្និតស្នាលបំផុត។
ថ្ងៃជ័យជម្នះ ៧ មករា គឺជាមរតកប្រវត្តិសាស្រ្តមិនអាចកាត់ថ្លៃបាន ដែលជាថ្ងៃទទួលបានជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុលពត និងបានធ្វើឱ្យប្រជាជាតិខ្មែរទាំងមូលមានសង្ឃឹមនឹងជីវិតឡើងវិញ ហើយក៏ជាថ្ងៃដែលប្រជាពលរដ្ឋខ្មែរបានចាត់ទុកជាថ្ងៃកំណើតទី២ របស់ខ្លួន នៃការបើកឡើងវិញនូវទំព័រសករាជថ្មី នៃឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍសង្គម។ ស្មារតី ៧មករា បានដិតដាមជាប់ក្នុងចិត្ត ក្នុងក្រអៅបេះដូងរបស់ប្រជាជនខ្មែរគ្រប់ៗរូប រហូតមកដល់បច្ចុប្បន្ននេះ ប្រកបដោយក្តីកតញ្ញុតា ការគោរព ដឹងគុណចំពោះឥស្សរជនគ្រប់ៗរូបដែលបានលះបង់ សាច់ស្រស់ ឈាមស្រស់ ទាំងប្រាជ្ញា ស្មារតី យកជីវិតធ្វើជាដើមទុន ក្នុងបេសកកម្មស្វែងរកសន្តិភាព និងសេចក្តីសុខ សេចក្តីចម្រើនជូនជាតិ និងប្រជាជន។ ថ្ងៃជ័យជម្នះ ៧ មករា បានធ្វើឱ្យប្រជាជនគ្រប់ទិសទីតំបន់ និងពិភពលោកចងចាំជានិច្ចចំពោះគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ដែលសព្វថ្ងៃដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះ លោក កុយ គួង និងប្រតិភូទៅពីកម្ពុជា ដឹកនាំដោយ លោក ស សេរីវិចិត្រ ដែលក្នុងនោះរួមមាន លោក ប៉ោ សួន, លោក វឹត សុវណ្ណឧត្តម, លោកឧកញ៉ា រឿន វុទ្ធី, លោក សែមស័ក្តិ សិនា និងលោក ឃីម នុតតារាសេរី បានសម្ដែងការគួរសម និងសំណេះសំណាលជាមួយ លោក Stavros Anthony អភិបាលរង នៃរដ្ឋនីវ៉ាដា, សមាជិកសភាប្រចាំរដ្ឋនីវ៉ាដា សហរដ្ឋអាមេរិក, តំណាងសមាជិកព្រឺទ្ធសភាអាមេរិក, តំណាងរបស់តំណាងរាស្ត្រសភាអាមេរិក ដើម្បីទទួលបានធាតុចូលបន្ថែមទៀត សម្រាប់ជាប្រយោជន៍ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។
ដើម្បីជាការអបអរសាទរ និងដើម្បីញ៉ាំងឱ្យបរិយាកាសកម្មវិធីនេះកាន់តែមានភាពស្និតស្នាល លោក ប៉ោ សួន បានរៀបចំពិធីពិសារអាហារសាមគ្គី ដើម្បីស្វាគមន៍តំណាងលោកអភិបាលរដ្ឋនីវ៉ាដា, សមាជិកសភាប្រចាំរដ្ឋនីវ៉ាដា សហរដ្ឋអាមេរិក, តំណាងសមាជិកព្រឺទ្ធសភាអាមេរិក, តំណាងរបស់តំណាងរាស្ត្រសភាអាមេរិក, ប្រតិភូរបស់ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក, ប្រតិភូទៅពីកម្ពុជា, ថ្នាក់ដឹកនាំរបស់អង្គការក្រៅរដ្ឋាភិបាលធំៗនៅរដ្ឋនីវ៉ាដា, និងសហគមន៍ខ្មែររស់នៅរដ្ឋនីវ៉ាដា សហរដ្ឋអាមេរិក ផងដែរ។ ទន្ទឹមនឹងនេះដែរ លោកប៉ោ សួន បានថ្លែងអំណរគុណដល់តំណាងលោកអភិបាលរដ្ឋនីវ៉ាដា និងលោកអភិបាលរងរដ្ឋនីវ៉ាដា, សមាជិកសភាប្រចាំរដ្ឋនីវ៉ាដា សហរដ្ឋអាមេរិក, តំណាងសមាជិកព្រឺទ្ធសភាអាមេរិក, តំណាងរបស់តំណាងរាស្ត្រសភាអាមេរិក, ប្រតិភូរបស់ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក, ប្រតិភូមកទៅពីកម្ពុជា, ថ្នាក់ដឹកនាំរបស់អង្គការក្រៅរដ្ឋាភិបាលធំៗនៅរដ្ឋនីវ៉ាដា, និងសហគមន៍ខ្មែររស់នៅរដ្ឋនីវ៉ាដា សហរដ្ឋអាមេរិក។
កម្មវិធីនេះបានបញ្ចប់ទៅដោយមានភាពរួសរាយ និងស្និតស្នាលយ៉ាងក្រៃលែង៕





















