សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ ឯកឧត្តម ហ៉ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសថ្លៃថ្លា នៃពិធីចម្រើនជន្មាយុ


(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតជូនពរ ឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសថ្លៃថ្លា នៃពិធីចម្រើនជន្មាយុ ដែលនឹងឈានមកដល់នៅថ្ងៃព្រហស្បតិ៍ ១២រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦។

ក្នុងសារលិខិតជូនពររបស់សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «ក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសថ្លៃថ្លា នៃពិធីចម្រើនជន្មាយុ ឯកឧត្តម ដែលនឹងឈានមកដល់នៅ ថ្ងៃព្រហស្បតិ៍ ១២រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ នេះ ក្នុងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអគ្គលេខាធិការ ព្រឹទ្ធសភា ខ្ញុំសម្តែងនូវសេចក្តីអំណរសាទរ ប្រកបដោយមនោសញ្ចេតនាដ៏កក់ក្តៅបំផុត ចំពោះ ឯកឧត្តម សូម ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន អាយុយឺនយូរ ក្នុងការដឹកនាំក្រុមប្រឹក្សាធម្មនុញ្ញ ឱ្យទទួល បានសមិទ្ធផលថ្មីៗថែមទៀត។

ក្រុមប្រឹក្សាធម្មនុញ្ញ ក្រោមការដឹកនាំរបស់ ឯកឧត្តម កន្លងមកនេះ សម្រេចបានសមិទ្ធផល និងលទ្ធផល ជាច្រើនគួរជាទីមោទនៈ តាមរយៈការធានាបាននូវធម្មនុញ្ញភាព និងនីតិរដ្ឋ ដែលបានរួមចំណែកយ៉ាងសំខាន់ ដល់ឧត្តមប្រយោជន៍ជាតិ ដើម្បីប្រជាជនខ្មែរបានរស់នៅរួមគ្នាយ៉ាងសុខដុមរមនាក្រោមម្លប់សន្តិភាព និងដើម្បី សម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០។

ក្រៅពីនេះ ក្នុងកាលៈទេសៈនៃការឈ្លានពាន របស់កងទ័ពថៃមកលើអធិបតេយ្យភាពជាតិកម្ពុជា ឯកឧត្តម និង លោកជំទាវ បានចូលរួមជាកម្លាំងមហា សាមគ្គីជាតិ រួមនឹងវីរយុទ្ធជន គាំទ្រដោយជឿជាក់យ៉ាងមុតមាំលើយុទ្ធសាស្រ្តការពារជាតិ របស់រាជរដ្ឋាភិបាល កម្ពុជា និងទឹកចិត្តស្នេហាជាតិនិងស្មារតីមោះមុតរបស់វីរយុទ្ធជនការពារព្រំដែន ក្នុងបុព្វហេតុការពារជាតិ មាតុភូមិយើង។

ជាថ្មីម្តងទៀត ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយលើ លោក សូមតាមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល គ្រប់ប្រការជូនដល់ ឯកឧត្តម និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមបានសមប្រកបដោយព្រះពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។ សូម ឯកឧត្តម ទទួលនូវការស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ»៕