សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេចក្រឡាហោម ស ខេង ក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសថ្លៃថ្លា នៃពិធីចម្រើនជន្មាយុ


(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតជូនពរ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសថ្លៃថ្លា នៃពិធីចម្រើនជន្មាយុសម្តេច ដែលនឹងឈានមកដល់នៅ ថ្ងៃព្រហស្បតិ៍ ១២រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦។

ក្នុងសារលិខិតជូនពរ របស់សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «ក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសថ្លៃថ្លា នៃពិធីចម្រើនជន្មាយុសម្តេច ដែលនឹងឈានមកដល់នៅ ថ្ងៃព្រហស្បតិ៍ ១២រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ ក្នុងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអគ្គលេខាធិការព្រឹទ្ធសភា ខ្ញុំសម្តែងនូវសេចក្តីអំណរសាទរ បវរមហាប្រសើរ ប្រកបដោយមនោសញ្ចេតនាដ៏កក់ក្តៅបំផុត និងសូមជូនពរ ចំពោះ សម្តេច សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន អាយុយឺនយូរ ដើម្បីបន្តរួមចំណែក ជាធ្លុងមួយជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី និងពន្លឿន ការអភិវឌ្ឍប្រកបដោយចីរភាព។

ឆ្លៀតក្នុងឱកាសនេះដែរ ខ្ញុំសូមកោតសរសើរខ្ពស់ចំពោះ សម្តេច ដែលជាថ្នាក់ដឹកនាំដ៏ឆ្នើម ដែលបាន លះបង់អស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ប្រឹងប្រែងបំពេញបេសកកម្ម នៅតាមបណ្តារាជធានី ខេត្ត ដើម្បី ស្វែងយល់ពីវឌ្ឍនភាព បញ្ហាប្រឈមនៅមូលដ្ឋានផ្ទាល់ និងព្យាយាមដោះស្រាយការលំបាករបស់បងប្អូន ប្រជាពលរដ្ឋ ក្នុងបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ និងសម្រាប់ប្រជាជនខ្មែរបានរស់នៅរួមគ្នាយ៉ាង សុខដុមរមនាក្រោមម្លប់សន្តិភាព ហើយដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០។

ជាងនេះទៅទៀត ក្នុងកាលៈទេសៈនៃការឈ្លានពានរបស់កងទ័ពថៃមកលើអធិបតេយ្យភាពជាតិកម្ពុជា សម្តេច និង លោកជំទាវ បានចូលរួមជាកម្លាំងមហាសាមគ្គីជាតិ ដ៏ស្អិតរមួតវេញជាធ្លុងមួយ រួមនឹងវីរកងទ័ព វីរនគរបាល ប្រកៀកស្មាគ្នា គាំទ្រដោយជឿជាក់យ៉ាងមុតមាំលើយុទ្ធសាស្ត្រការពារជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា និង ទឹកចិត្តស្នេហាជាតិនិងស្មារតីមោះមុតរបស់វីរយុទ្ធជនការពារព្រំដែន ក្នុងបុព្វហេតុការពារជាតិមាតុភូមិ។

ជាថ្មីម្តងទៀត ខ្ញុំសូមជូនពរ សម្តេច និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារទទួលបាននូវជោគជ័យ ថ្មីទៀត និងសូមបានសមប្រកបតែនឹងពុទ្ធពរ និងពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។ សូម សម្តេចក្រឡាហោម ទទួលនូវការស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ»៕