(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតជូនពរ ឯកឧត្តម ឈា ហន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសថ្លៃថ្លា នៃពិធីចម្រើនជន្មាយុ ដែលនឹងឈានមកដល់នៅថ្ងៃពុធ ១១រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦។
ក្នុងសារលិខិតជូនពរ របស់សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «ក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសថ្លៃថ្លា នៃពិធីចម្រើនជន្មាយុ ឯកឧត្តម ដែលនឹងឈានមកដល់នៅថ្ងៃពុធ ១១រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ នេះ ក្នុងនាម ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអគ្គលេខាធិការព្រឹទ្ធសភា ខ្ញុំ សម្តែងនូវសេចក្តីអំណរសាទរ ប្រកបដោយមនោសញ្ចេតនាដ៏កក់ក្តៅបំផុត ចំពោះ ឯកឧត្តម សូមទទួលបាន នូវសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន អាយុយឺនយូរ ដើម្បីបន្តរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុង ការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។
ឯកឧត្តម ជាថ្នាក់ដឹកនាំដ៏ឆ្នើម ដែលបានលះបង់កម្លាំងកាយចិត្ត មិនខ្លាចនឿយហត់ ប្រឹងប្រែងក្នុង ការចូលរួមដឹកនាំប្រជាជាតិកម្ពុជា កសាងបាននូវសុខសន្តិភាព សណ្តាប់ធ្នាប់សង្គមល្អប្រសើរ ឯកភាពជាតិ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីប្រជាជនខ្មែរបានរស់នៅរួមគ្នាយ៉ាងសុខដុមរមនាក្រោមម្លប់សន្តិភាព ហើយដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០។
ដោយឡែក ក្នុងកាលៈទេសៈនៃការ ឈ្លានពានរបស់កងទ័ពថៃមកលើអធិបតេយ្យភាពជាតិកម្ពុជា ឯកឧត្តម និង លោកជំទាវ បានចូលរួមជាកម្លាំង មហាសាមគ្គីជាតិ រួមនឹងវីរកងទ័ព វីរនគរបាល ប្រកៀកស្មាគ្នា គាំទ្រដោយជឿជាក់យ៉ាងមុតមាំលើយុទ្ធសាស្ត្រ ការពារជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា និងទឹកចិត្តស្នេហាជាតិនិងស្មារតីមោះមុតរបស់វីរយុទ្ធជនការពារព្រំដែន ក្នុងបុព្វហេតុការពារជាតិមាតុភូមិ។
ជាថ្មីម្តងទៀត ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយលើ លោក សូមតាមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល គ្រប់ប្រការជូនដល់ ឯកឧត្តម និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមបានប្រកបដោយព្រះពុទ្ធពរនិងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។ សូម ឯកឧត្តម ទទួលនូវការស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ»៕


