នាព្រឹកថ្ងៃពុធ ទី១៤ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងក្រុមការងារ អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាឧបត្ថមជូនដល់គ្រួសារនគរបាលជួរមុខ ឈរជើងប្រចាំការការពារព្រំដែនកម្ពុជា-ថៃ នៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ ចំនួន៤៧គ្រួសារ ។
ឯកឧត្តម វ៉ា ថន មានប្រសាសន៍លើកឡើងថា ៖ រាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែយកចិត្តទុកដាក់ចំពោះគ្រួសារវីរកងទ័ពជួរមុខជានិច្ច ដោយមិនទុកបងប្អូនចោលឡើយ តែងតែមើលថែ ឧបត្ថម្ភទំនុកបម្រុងមិនឱ្យជួបការខ្វះខាតឡើយ ។ ការយកចិត្តទុកដាក់នេះ ដើម្បីកុំឱ្យបងប្អូនវីរកងទ័ព មានការព្រួយបារម្ភចំពោះក្រុមគ្រួសារ សាច់ញាតិឡើយ ព្រោះវីរកងទ័ពត្រូវមានកាតព្វកិច្ចឈរជើងការពារបូរណភាពទឹកដីនៅជួរមុខ ដូចនេះក្រុមគ្រួសារត្រូវបានអាជ្ញាធរ បន្តយកចិត្តទុកដាក់គ្រប់ពេលវេលា ឆ្លើយតបទៅនឹងគុណូបការៈយ៉ាងធំធេងអង់អាចក្លាហាន របស់បងប្អូនវីរៈកងទ័ពកក្នុងការលៈបង់ពលី ដើម្បីការពារបុព្វហេតុជាតិមាតុភូមិ ជាពិសេសគឺសុខសន្តិភាពជូនជាតិ ។
ឯកឧត្តម បន្ថែមទៀតថា ៖ គ្រួសារកងទ័ព និងប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ ហើយជឿជាក់លើព័ត៌មានពិត ដែលមានប្រភពច្បាស់លាស់ពីអង្គភាពព័ត៌មានរបស់រដ្ឋាភិបាល និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនពលរដ្ឋដែលមានសាច់ញាតិ ជាកងទ័ពបម្រើជាតិ តស៊ូលះបង់គ្រប់បែបយ៉ាង ក្នុងការការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាន និងសូមបន្តរួបរួមគ្នា និងជឿជាក់លើរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចទាំងពីរជាប្រមុខដឹកនាំនិងជាមគ្គុទេសដ៏អស្ចារ្យរបស់កម្ពុជា ។
គូសបញ្ជាក់ដែរថា គ្រួសារនរគបាលជួរមុខទាំង៤៧គ្រួសារ ទទួលបានអំណោយ និងថវិកាចំនួន២០ម៉ឺនរៀលក្នុងម្នាក់ ឧបត្ថម្ភដល់ប៉ុស្តិ៍ទាំង៨ទទួលបានអំណោយនិងថវិកា២០ម៉ឺន និងកងវរះសេនាតូចនគរបាលការពារព្រំដែន៦១៩ទទួលបានអំណោយនិងថវិកាចំនួន១លានរៀល និងកងវរះសេនាតូចលេខ២២៥ ទទួលបានអំណោយ និងថវិកា២លានរៀលផងដែរ ៕











