ទំហំពាណិជ្ជកម្មកម្ពុជា-សិង្ហបុរី សម្រេចបានជាង ២.៣ពាន់លានដុល្លារ កើនឡើង ៨៩% ខណៈការនាំចេញរបស់កម្ពុជាទៅសិង្ហបុរីកើនដល់ជាង២០០%


(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២៥ កម្ពុជា-សិង្ហបុរី សម្រេចបានទំហំពាណិជ្ជកម្ម ២ ៣៤១លានដុល្លារ កើនឡើង ៨៨.៩៧% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ ដែលមានទំហំ ១ ២៣៩លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។

តាមរយៈការណ៍នេះបានបង្ហាញថា ការនាំចេញរបស់កម្ពុជាទៅកាន់សិង្ហបុរី បានកើនឡើងយ៉ាងខ្លាំង ដោយសម្រេចបានទឹកប្រាក់ ៩២០ លានដុល្លារ កើនឡើង២១២.២៣%។ រីឯការនាំចូលពីសិង្ហបុរីក៏មានកំណើនខ្ពស់ផងដែរ ដោយសម្រេចបាន ១ ៤២១ លានដុល្លារ កើនឡើង៥០.៥១% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់បណ្តាញព័ត៌មានថា ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងសិង្ហបុរី កើនឡើងនេះ បន្ទាប់ពីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ និងឈានទៅបិទការនាំចូលប្រេងឥន្ធនៈ និងហ្គាសពីថៃ ហើយបង្វែរទៅនាំចេញប្រេងពីសិង្ហបុរី មកវិញ។ ជាមួយគ្នានេះ បរិក្ខាមួយចំនួនដែលកម្ពុជាឈប់នាំចេញពីថៃ ក៏ទិញពីសិង្ហបុរីមកវិញផងដែរ។

ទន្ទឹមគ្នានេះ កម្ពុជាបានបង្កើនការនាំចេញផលិតផលផ្សេងៗជាច្រើន ទៅកាន់សិង្ហបុរីវិញដែរ ដូចជាផលិតផលកសិកម្ម និងផលិតផលកាត់ដេរសម្លៀកបំពាក់ជាដើម។
អ្នកឧកញ៉ា លឹម ហេង បានគូសបញ្ជាក់បន្តថា «ទីផ្សារសិង្ហបុរី សម្រាប់យើងក៏ជាទីផ្សារមួយក្នុងអាស៊ានដ៏ល្អដែរ ដែលជាដៃគូសហសេដ្ឋកិច្ចក្នុងអាស៊ានផង ហើយក៏ជាប្រទេសសមាជិកកិច្ចព្រមព្រៀង RCEP ដែលធ្វើឱ្យកំណើននៃការនាំចេញនាំចូល រវាងកម្ពុជា និងសិង្ហបុរីមានការកើនឡើង គួរឱ្យកត់សម្គាល់។»

លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានឱ្យដឹងដែរថា នៅប្រទេសសិង្ហបុរី ភាគច្រើនមានតម្រូវការទៅលើវត្ថុធាតុដើម សម្រាប់កែច្នៃម្ហូបអាហារ ដូច្នេះហើយប្រទេសនេះ បាននាំចូលពីប្រទេសជិតខាងដូចជាម៉ាឡេស៊ី និងបណ្តាប្រទេសក្នុងតំបន់អាស៊ានផ្សេងទៀតរួមនឹងកម្ពុជា។ ហើយទន្ទឹមគ្នានេះ វិនិយោគពីប្រទេសសិង្ហក៏មកសិក្សាឱកាសវិនិយោគ ក្នុងវិស័យម្ហូបអាហារ ដើម្បីនាំចេញទៅប្រទេសសិង្ហបុរីផងដែរ។

លោកបានឱ្យដឹងថា ជាទូទៅក្រុមហ៊ុនដឹកជញ្ជូនដែលជាសមាជិករបស់សមាគម ដឹកទំនិញភាគច្រើនទៅកាន់ប្រទេសសិង្ហបុរី មានផលិតផលកាត់ដេរ និងកសិកម្ម៕