មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រៃវែង បានបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ ដល់ប្រជាពលរដ្ឋនៅក្នុង ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង ទាំង ៦ ភូមិ ដើម្បីពិនិត្យឲ្យបានត្រឹមត្រូវ


ព្រៃវែង៖ នៅព្រឹកថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៦ មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រៃវែង បានរៀបចំការបិទផ្សាយជាសាធារណៈ នៅឯកសារនៃការវិនិច្ឆ័យ ស្ថិតនៅនៅភូមិទាំង៦ ក្នុងឃុំ កំពង់ប្រាំង ក្នុងនោះមានភូមិកំពង់ប្រាំង ភូមិសំបួរ ភូមិល្វាកោង ភូមិពាក់ស្បៃ ភូមិព្រែតារ័ត្ន និងភូមិព្រែកជ្រូក ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពី លោក ពៅ វណ្ណា អនុប្រធានមន្ទីររៀបចំដែនដី នគរ រូបនីយកម្ម សំណង់ និងសុរិយោដី  និងជានាយករងចាត់ការកម្មវិធីអនុវិស័យដីធ្លី ខេត្តព្រៃវែង ព្រមទាំងអាជ្ញាធរឃុំ មេភូមិ ប្រជាពលរដ្ឋចូលរួមពិនិត្យ និងស្ដាប់ការពន្យល់ណែនាំយ៉ាងច្រើនកុះករ។

មានប្រសាសន៍នៅក្នុងឱកាសនោះលោក ពៅ វណ្ណា អនុប្រធានមន្ទីររៀបចំដែនដី នគរ រូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ក៏បានលើកឡើងអំពីលក្ខន្តិកៈ នីតិវិធីនៃការបិទផ្សាយជាសាធារណៈ នៅឯកសារនៃការវិនិច្ឆ័យ ដល់ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដីទាំងអស់នៅក្នុងមូលដ្ឋាននៃឃុំកំពង់ប្រាំងនេះ ដើម្បីឲ្យគាត់យល់ដឹង ឲ្យកាន់តែច្បាស់អំពីនីតិវិធីទាំងអស់នោះ ធ្វើយ៉ាងណាដើម្បីឲ្យការងារនេះប្រព្រឹត្តទៅដោយរលូននិងទទួលបានជោគជ័យ។

លោក អនុប្រធានមន្ទីរ ក៏បានបន្ថែមទៀតថា ការបិទផ្សាយជាសាធារណៈ នៅឯកសារនៃការវិនិច្ឆ័យគឺសូមឱ្យបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់កាលដីត្រូវពិនិត្យឲ្យបានច្បាស់លាស់អំពីឈ្មោះ ថ្ងៃខែឆ្នាំកំណើត ទីតាំងក្បាលដី ទំហំដី ទាំងអស់ដែលបានបិទផ្សាយនៅតាមភូមិរៀងៗខ្លួននោះ ដើម្បីធានាដល់ការចុះបញ្ជីនិងការធ្វើបណ្ណ័សំគាល់ម្ចាស់អចលនាវត្ថុ (ដែលហៅថា ប្លង់ដី) ជូនបងប្អូនប្រជាពលរដ្ឋពុំមានការខុសឈ្មោះ ឬខុសទីតាំងណាមួយនោះទេ ដែលកុំឲ្យមានការខាតបង់នៅថវិកា ឬក៏កែប្រែនៅពេលណាមួយដែលមានការចេញបណ្ណ័សំគាល់ម្ចាស់អចលនាវត្ថុ (ដែលហៅថា ប្លង់ដី) ជូនគាត់មានយឺតយ៉ាវនោះផងដែរ។

លោក អនុប្រធានមន្ទីរ ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានដីនៅជាប់គ្នាត្រូវចេះយោគយល់អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមកដើម្បីជៀសវាងកុំឲ្យមានជម្លោះឬក៏ប្រភេទដីមានទំនាស់ដែលបណ្ដាលឲ្យការចេញបណ្ណ័សំគាល់ម្ចាស់អចលនាវត្ថុ (ដែលហៅថា ប្លង់ដី) ធ្វើឲ្យរាំងស្ទះ ឬក៏ខកខានណាមួយនោះ។

សូមបញ្ជាក់ផងដែរថា៖ ចំពោះការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមាន រយៈពេល១៥ថ្ងៃ(ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក) ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ដោយមានទីតាំងបិទផ្សាយនៅស្នាក់ការភូមិ ចំពោះក្បាលដីដែលបានបិទផ្សាយជាសាធារណៈ នៅឯកសារនៃការវិនិច្ឆ័យនេះ មានចំនួន ៦,១៤២ ក្បាល់ដី ស្មើនឹង ៣,២៥៥ គ្រួសារ៕