នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ប្រធានគណ:ប្រចាំការ នៃគណ:អចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត បានដឹកនាំគណៈប្រតិភូ ប្រគល់ស្បៀង និងសម្ភារៈរបស់សម្ដេចធិបតីនិងលោកជំទាវបណ្ឌិត ជូនដល់រដ្ឋបាលខេត្ត និងកម្លាំងជួរមុខទាំង១២ អង្គភាព ប្រចាំទិសខេត្តបន្ទាយមានជ័យ។
ឯកឧត្តមបណ្ឌិតបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងពរជ័យពីសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនដល់រដ្ឋបាលខេត្ត និងកម្លាំងជួរមុខទាំង១២ អង្គភាព ប្រចាំទិសខេត្តបន្ទាយមានជ័យ។
ឯកឧត្តមបណ្ឌិតបន្តថា សង្គ្រាមឈ្លានពានពីយោធាថៃ មកលើអធិបតេយ្យភាពរបស់កម្ពុជា លើកទី១រយៈពេល ៥ ថ្ងៃ (ចាប់ពីថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥) និងលើកទី២ រយះពេល២១ថ្ងៃ (ពីថ្ងៃទី៧- ២៧ ខែធ្នូ ឆ្នាំ២០២៥) បានបង្ហាញនូវគំរូវីរភាពដ៏អង់អាចក្លាហានរបស់វីរៈកងទ័ពកម្ពុជា ជា ពិសេសភាពអង់អាចក្លាហានរបស់វីរៈកងទ័ពជួរមុខ បានធ្វើឲ្យសត្រូវខ្លាបខ្លាច ហើយប្រជាពលរដ្ឋខ្មែរនូវគ្រប់មជ្ឈដ្ឋាន និងគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេសគាំទ្រ និងជឿជាក់ ទាំងស្រុងលើសមត្ថភាពបទពិសោធន៍ និងឆន្ទះស្នេហាជាតិដ៏មោះមុតរបស់វីរកងទ័ពកម្ពុជា ព្រមទាំងបានរួបរួមសាមគ្គីគ្នា ពង្រឹងខឿនការពារជាតិរបស់ប្រជាជន ជឿជាក់ និងគាំទ្ររាជរដ្ឋាភិបាលរបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី ព្រមទាំងបានចូលរួមចំណែកផ្ដល់នូវស្បៀង អាហារ សម្ភារ និងថវិកា យ៉ាងច្រើនជួយដល់វីរកងទ័ពជួរមុខ និងប្រជាជនភៀសសឹក។
ក្នុងនាមសម្តេចមហាបវរធិបតី និងក្នុងនាមគណ:ប្រចាំការ នៃគណ:អចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សូមសម្ដែងនូវការអរគុណ ដឹងគុណ និងចងចាំជានិច្ចក្នុងក្រអៅបេះដូង ចំពោះវីរៈភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ពកម្ពុជាដែលបានតស៊ូ ក្រាញននៀល ការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ប្រកប ដោយឆន្ទៈមោះមុត និងហ៊ានពលីកម្មគ្រប់បែបយ៉ាងដើម្បីជាតិ មាតុភូមិ និងប្រជាជនកម្ពុជា និងសូមលំឱនកាយ គោរពចំពោះដួងវិញាណក្ខន្ធរបស់វីរៈកងទ័ពកម្ពុជា ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ និងអាយុជីវិត ដើម្បីការពារបូរណភាពទឹកដី និងអាយុជីវិតរបស់ប្រជាជនកម្ពុជា និងសូមឲ្យដួង វិញ្ញាណក្ខន្ធរបស់វីរៈកងទ័ពទាំងអស់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ក៏បានអំពាវនាវដល់យុវជននៅទូទាំងប្រទេស ដែលមានខ្លឹមសារ ដូចខាងក្រោម៖
១. បន្តចូលរួមចំណែកគាំទ្រ និងជឿជាក់លើរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដើម្បីបញ្ចប់នូវទុក្ខវេទនារបស់ប្រជាជនទប់ស្កាត់ការបំផ្លិចបំផ្លាញ និងបន្តដើរលើមាគ៌ាឆ្ពោះទៅរកសន្តិភាព។
២. គាំទ្រយ៉ាងពេញទំហឹង ចំពោះការបញ្ជាក់យ៉ាងច្បាស់របស់ សម្ដេចអគ្គមហា សេនាបតីតេជោ «កម្ពុជា នឹងមិនធ្វើសម្បទាននូវអធិបតេយ្យភាព ឬសេចក្ដីថ្លៃថ្នូរបស់ខ្លួនឡើយ»។
៣. គាំទ្រយ៉ាងពេញទំហឹងនូវសាររបស់ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្តី ដែលបានផ្ញើជូនជនរួមជាតិកាលពីយប់ថ្ងៃទី១៣ ខែមករា ថា «គន្លឹះសំខាន់របស់ ជាតិយើងនាពេលនេះ គឺយើងត្រូវប្រែក្លាយការលំបាករបស់ជាតិ និងការ ប្តេជ្ញចិត្តដ៏មោះមុតរបស់ខ្មែរគ្រប់រូបនាពេលនេះឱ្យក្លាយទៅជាកម្លាំងតស៊ូដ៏រឹងមាំរបស់ជាតិ និងគោលដៅដ៏ពិសិដ្ឋរបស់ជាតិ ពោលគឺការរួបរួមសាមគ្គីភាពគា្នជាធ្លុងមួយ ដើម្បីការពារជាតិមាតុភូមិជាទីស្រលាញ់របស់យើង និងធ្វើឲ្យជាតិខ្មែរយើងបានរឹងមាំស្របតាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ខ្មែរគ្រប់រូបព្រមទាំងចូលរួមសាមគ្គីគ្នាជាធ្លុងមួយ ជាមួយនឹងការប្តេជ្ញាចិត្តរួមរបស់ជាតិ ដើម្បីពង្រឹងសក្តានុពលជាតិលើគ្រប់វិស័យ និងលុបបំបាត់រាល់ភាពអសកម្មទាំងឡាយក្នុងសង្គមជាតិ ដែលធ្វើឱ្យជាតិចុះខ្សោយ»។
៤. បន្តពង្រឹងស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុងរឹងមាំ ក្រោមបាវចនា «ខ្មែររួបរួម ខ្មែរខ្លាំង ខ្មែរនឹងឈ្នះ ហើយគ្មានអានុភាពណាមួយ មកបំផ្លាញឆន្ទៈរបស់យើងបានឡើយ»៕






























