ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី ១៧ ខែ មករា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក.) ខេត្ត ព្រមទាំងប្រកាសសមាសភាពលេខាធិការដ្ឋាន និងក្រុមការងារទាំង៤ ចំណុះរចនាសម្ព័ន្ធលេខាធិការដ្ឋាន អ.ន.ក. ខេត្តស្ទឹងត្រែង។
ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំសមាគម ព្រមទាំងសមាជិកលេខាធិការដ្ឋាន និងក្រុមការងារពាក់ព័ន្ធជាច្រើនរូប។
កិច្ចប្រជុំបានពិភាក្សា និងវាយតម្លៃលើស្ថានភាពការងាររបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តស្ទឹងត្រែង ក្នុងរយៈពេលកន្លងមក ព្រមទាំងដាក់ចេញទិសដៅ និងផែនការអនុវត្តបន្ត ដើម្បីធានាឱ្យការងាររបស់សមាគមប្រព្រឹត្តទៅដោយមានប្រសិទ្ធភាព ស្របតាមគោលការណ៍ របស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដាក់ចេញឱ្យអនុវត្តន៍។
ក្នុងនោះដែរ ពិធីប្រកាសសមាសភាពលេខាធិការដ្ឋាន និងក្រុមការងារទាំង ៤ចំណុះ រចនាសម្ព័ន្ធលេខាធិការដ្ឋាន អ.ន.ក.ខេត្តស្ទឹងត្រែង ក៏ត្រូវបានរៀបចំឡើង ដើម្បីបញ្ជាក់ពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់សមាជិកនីមួយៗ ក្នុងការចូលរួមបម្រើការងារសមាគមឱ្យកាន់តែមានរបៀបរៀបរយ និងប្រសិទ្ធភាពខ្ពស់។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សរ សុពុត្រា បានលើកឡើងពីសារៈសំខាន់នៃសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងការថែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងការយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់អតីតយុទ្ធជន និងនិវត្តជន ជាពិសេសការគាំទ្រ និងជួយដោះស្រាយបញ្ហាប្រឈមនានានៅមូលដ្ឋាន។
ឯកឧត្តមអភិបាលក៏បានអំពាវនាវដល់សមាជិកទាំងអស់ឱ្យបន្តរួមគ្នាខិតខំប្រឹងប្រែង អនុវត្តភារកិច្ចដោយមានទំនួលខុសត្រូវ ខ្ពស់ ស្មារតីស្មោះត្រង់ និងសាមគ្គីភាព ដើម្បីលើកស្ទួយតួនាទី និងកិត្យានុភាពរបស់សមាគមឱ្យកាន់តែរឹងមាំ។
បន្ថែមពីនោះទៀត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តស្ទឹងត្រែង បានចាត់ទុកថា កិច្ចប្រជុំលើកដំបូងរបស់ (អ.ន.ក.) ខេត្តស្ទឹងត្រែង និងពិធីប្រកាសសមាសភាពនេះជាជំហានដ៏សំខាន់មួយ ក្នុងការពង្រឹងរចនាសម្ព័ន្ធ និងសមត្ថភាពការងាររបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តស្ទឹងត្រែង ដើម្បីបន្តរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គម និងការរក្សាសន្តិភាព ស្ថិរភាព និងការរីកចម្រើននៅក្នុងខេត្តស្ទឹងត្រែង៕



















