ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកតាំងគោកប្រចាំឆ្នាំ២០២៥, ប្រចាំខែមករា ឆ្នាំ២០២៦ និងណែនាំឱ្យមន្ត្រីទាំងក្រុមការងារគណបក្ស និងក្រុមការងាររាជរដ្ឋាភិបាល ស្តាប់ និងអនុវត្តតាមការណែនាំរបស់គណបក្ស និងរាជរដ្ឋាភិបាល ព្រមទាំងចុះអប់រំ ណែនាំដល់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ដើម្បីសង្គមជាតិរឹងមាំ ឆ្លើយតបបានគ្រប់កាលៈទេសៈចំពោះការឈ្លានពានពីបរទេស។
កិច្ចប្រជុំនេះមានការចូលរួមពីលោក ឈាង វណ្ណារិទ្ធ អនុប្រធានទី១ក្រុមការងារចុះមូលដ្ឋានស្រុកតាំងគោក៖, អនុប្រធាន និងសមាជិកក្រុមការងារចុះមូលដ្ឋានស្រុកតាំងគោក, ក្រុមការងារចុះមូលដ្ឋានឃុំទាំង០៨, លោកប្រធាន អនុប្រធានគណបក្សស្រុក, ប្រធានគណបក្សឃុំទាំង០៨, ក្រុមការងារថ្នាក់ស្រុក-ថ្នាក់ឃុំជាច្រើនរូបទៀតផងដែរ។
បន្ទាប់ពីលោក ហាក់ ម៉ុងហួត បានរាយការណ៍លទ្ធផលអនុវត្តការងារក្នុងឆ្នាំ២០២៥ និងខែមករា ឆ្នាំ២០២៦រួចមក ឯកឧត្តមបណ្ឌិត ថោង ខុន បានណែនាំដល់ក្រុមការងារ, គណបក្សស្រុក ឃុំ ដឹកនាំប្រជុំជីវភាពបក្សនៅមូលដ្ឋានឱ្យបានទៀងទាត់, រួមគ្នាបំផុសការគាំទ្រ និងជំនឿជឿជាក់របស់ប្រជាពលរដ្ឋទៅលើការដឹកនាំរបស់សម្តេចតេជោ និងសម្តេចបវរធិបតី ក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ, លើកកម្ពស់ស្មារតីជាតិនិយម និងលើកទឹកចិត្តការប្រើប្រាស់ផលិតផលក្នុងស្រុក, ចូលរួមក្នុងសកម្មភាពជួយប្រជាពលរដ្ឋភៀសសឹក និងវីរៈកងទ័ព ទាំងសម្ភារៈ ថវិកា និងស្បៀងអាហារ ពិសេសជួយពិនិត្យមើលជីវភាពជាក់ស្តែងរបស់គ្រួសារវីរ:កងទ័ពនៅសរភូមិមុខ (ប្រសិនបើគ្រួសារគាត់មានជាប់ជំពាក់បំណុលលើការប្រាក់ធនាគារ ត្រូវខិតខំសហការជាមួយធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុដើម្បីជួយសម្រួល និងបន្ធូរបន្ថយបំណុលតាមដែលអាចធ្វើទៅបាន)។
ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានណែនាំឱ្យបន្តយកចិត្តទុកដាក់ដល់ជីវភាពរស់នៅ និងការបង្កបង្កើនផល ប្រមូលផលរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន, បន្តបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈគ្រប់ប្រភេទជូនប្រជាពលរដ្ឋឱ្យបានល្អ, បន្តដោះស្រាយ បញ្ហាសមធម៌ និងយុត្តិធម៌សង្គម និងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យបានល្អប្រសើរ ពិសេសការបង្ក្រាបគ្រឿងញៀន ក្មេងទំនើង និងល្បែងស៊ីសងខុសច្បាប់, បន្តស្តារ និងជួសជុលផ្លូវលំ ប្រព័ន្ធធារាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធតូចៗនៅមូលដ្ឋាន។
ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានជំរុញឱ្យក្រុមការងារ, គណបក្សស្រុក ឃុំ និងភូមិ បន្តតាមដានអំពីសភាពការណ៍សតិអារម្មណ៍ នយោបាយដែលលកើតឡើងនៅមូលដ្ឋាន ហើយធ្វើការឆ្លើយតបឱ្យបានទាន់ពេលវេលា, បន្តពង្រឹងសមាជិកបក្សទាំងបរិមាណ និងគុណភាព ដោយគ្រប់ភូមិត្រូវខិតខំកសាងសមាជិកបក្សឱ្យបាន ៨៥% ធៀបនឹងប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៅក្នុងឆ្នាំ២០២៦នេះ, ពង្រឹង និងបង្កើនសមត្ថភាពយុវជនគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក និងត្រៀមរៀបចំផ្គូរផ្គងបញ្ជីឈ្មោះបេក្ខភាពក្រុមប្រឹក្សាឃុំសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំឆ្នាំ២០២៧ខាងមុខ, ជំរុញការសាងសង់ទីស្នាក់ការគណបក្សស្រុកតាំងគោក, បន្តខិតខំធ្វើអំពើល្អ, ចិញ្ចឹមចលនាបក្ស និងចុះជាប់ជាមួយប្រជាពលរដ្ឋដើម្បីដឹងសុខទុក្ខ ដោះស្រាយការលំបាក និងតម្រូវការចាំបាច់របស់ពួកគាត់៕




















