ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកស៊ីម៉ាក់ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ បានទទួលស្វាគមន៍ និងជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូសកម្មភាពមីនប្រទេសស៊ូដង់ខាងត្បូង ដឹកនាំដោយលោក លោក Mike Rashid Fulla Obaldo អគ្គនាយកសកម្មភាពមីនប្រទេសស៊ូដង់ខាងត្បូង (NMAA South Sudan) និងសហការី ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦។
ក្នុងដំណើរទស្សនកិច្ចនេះ ដើម្បីសិក្សាស្វែងយល់ពីវិស័យសកម្មភាពមីននៅកម្ពុជា ជាពិសេសកិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាព CMAC ព្រមទាំងបទពិសោធន៍ ចំណេះដឹង ប្រកបដោយភាពជោគជ័យប្រសិទ្ធភាពខ្ពស់ ទាំងការទទួលស្គាល់ជាសកល នៃកិច្ចប្រតិបត្តិការបោសសម្អាតមីន ជាពិសេសការពង្រឹងភាពជាម្ចាស់ និងភាពជាដៃគូក្នុងការបន្តដោះស្រាយវិបត្តិសំណល់យុទ្ធភណ្ឌសង្គ្រាម។
ក្នុងជំនួបនេះដែរ ឯកឧត្តម ហេង រតនា បានជម្រាបជូនគណៈប្រតិភូ លើការដឹកនាំវិស័យសកម្មភាពកម្ចាត់មីនរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងនោះសម្តេចតែងតែលើកទឹកចិត្ត និងគាំទ្រអង្គភាព CMAC ក្នុងការហ្វឹកហ្វឺនចែករំលែកបទពិសោធន៍ ដល់បណ្តាប្រទេសដែលរងផលប៉ះពាល់ ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម នៅក្នុងសកលលោក។
ជាការឆ្លើយតប លោក Mike Rashid Fulla Obaldo បានសម្តែងនូវការកោតសរសើរយ៉ាងពេញទំហឹង ចំពោះរដ្ឋាភិបាលកម្ពុជាដែលបានគាំទ្រអង្គភាព CMAC ក្នងចែករំលែក បទពិសោធន៍ ដល់បណ្តាប្រទេសដែលរង់ផលប៉ះពាល់ ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមនៅក្នុងសកលលោក ខណៈពេលដែលនៅប្រទេសរបស់លោក រដ្ឋាភិបាលមានវិស័យអទិភាព ជាច្រើនដែលត្រូវយកចិត្តទុកដាក់ ដោយរួមទាំងសកម្មភាពមីនក្នុងប្រទេសស៊ូដង់ខាងត្បូង នៅមានកម្រិតដែលតម្រូវឲ្យមានការជួយជ្រោមជ្រែងបន្ថែមទៀត។
ហេតុដូច្នេះ ទើបគណៈប្រតិភូសកម្មភាពមីនប្រទេសស៊ូដង់ខាងត្បូង បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីទទួលបានធាតុចូលយកទៅពង្រឹងសកម្មភាពមីននៅប្រទេស៊ូដង់ខាងត្បូង។ ជាមួយគ្នានេះដែរ លោក Mike Rashid Fulla Obaldo បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យ និងកិច្ចខិតខំប្រឹងប្រែងរបស់អង្គភាព CMAC ក្នុងការបំផ្លាញគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ដើម្បីសង្គ្រោះជីវិតមនុស្ស និងផ្តល់ដីសុវត្ថិភាពសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច។
លោក Mike Rashid Fulla Obaldo បន្តថា អង្គភាព CMAC ជាស្ថាប័នជាតិដែលឈានមុខគេ នៅលើពិភពលោក ដែលមានប្រទេសជាច្រើន បានមកដកស្រង់បទពិសោធន៍ ចំណេះដឹងជំនាញបច្ចេកទេស ក្នុងវិស័យសកម្មភាពមីន និងបានផ្តល់ការហ្វឹកហ្វឺនពីអង្គភាព CMAC។
លោកសង្ឃឹមថា អង្គភាព CMAC និងបន្តចែករំលែកបទពិសោធន៍ ដែលបានអនុវត្តប្រកប ដោយជោគជ័យកន្លងមក លើការងារបោសសម្អាតមីនមនុស្សធម៌ និងការពង្រឹងការចូលរួមរបស់ប្រជាជន នៅក្នុងការការពារពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម។
សូមជម្រាបថា ដំណើរទស្សនកិច្ចនេះ គាំទ្រដោយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ហើយគណៈប្រតិភូនេះ ត្រូវធ្វើទស្សនកិច្ច នៅវិទ្យាស្ថានបច្ចេកទេស សកម្មភាពកំចាត់មីនខេត្តកំពង់ឆ្នាំង មណ្ឌលអភិវឌ្ឍន៍ស៊ីម៉ាក់មរតកតេជោ/រោងជាងកណ្ដាលខេត្តបាត់ដំបង ការដ្ឋានបោសសម្អាតមីន និងសារមន្ទីរតេជោសន្តិភាព នៅក្នុងខេត្តសៀមរាប និងការដ្ឋានបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹកផងដែរ៕









