អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) ប្រចាំកម្ពុជា លោក URANO Shigeyuki ចូលជួបសម្តែងការគួរសម និងជម្រាបលា ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្រោយបញ្ចប់បេសកកម្មរយៈពេល៩ឆ្នាំ នៃកិច្ចប្រតិបត្តិការដោះមីនរបស់អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) ក្នុងខេត្តបន្ទាយមានជ័យ។
ការចូលជួបសម្តែងការគួរសម ក៏មានការអញ្ជេីញចូលរួមថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ អង្គភាព CMAC ខេត្តបន្ទាយមានជ័យ ធ្វេីឡេីងនៅសាលប្រជុំ ខ សាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦។
ឯកឧត្តម អ៊ុំ រាត្រី ក៏បានថ្លែងអំណរគុណអង្គការសកម្មភាព កំចាត់មីនជប៉ុន (JMAS) ប្រចាំកម្ពុជា ដែលបានចូលរួមសកម្មភាពបោសសម្អាតមីននៅក្នុងប្រទេសកម្ពុជា ក៏ដូចជាខេត្តបន្ទាយមានជ័យ ក្នុងរយៈពេលប្រមាណ៩ឆ្នាំ ដោះមីនបានសម្រេច លទ្ធផលត្រចេះត្រចង់។
ឯកឧត្តមបញ្ជាក់ថា ក្រោយពេលមានការប៉ះទង្គិចគ្នារវាង យោធាថៃបានឈ្លានពានប្រទេសកម្ពុជា រយៈពេល២១ថ្ងៃកន្លងទៅ កាលពីខែធ្នូ ឆ្នាំ២០២៥ កន្លងនៅខេត្តបន្ទាយមានជ័យ បានបន្សល់ទុកនូវគ្រាប់មិនទាន់ផ្ទុះជាច្រើនរាប់ម៉ឺនគ្រាប់ នៅតាមភូមិឋានពលរដ្ឋកម្ពុជា នៅតាមបន្ទាត់ព្រំដែន បន្ទាប់ពីយោធាថៃបានប្រេីប្រាស់អាវុធធុនធ្ងន់វាយប្រហារ មកលេីកដែនអធិបតេយ្យភាពរបស់កម្ពុជា។
ឯកឧត្តមសង្ឃឹមជឿជាក់ថា អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) នឹងបន្តសកម្មភាពនៅក្នុងប្រទេសកម្ពុជាបន្តទៀត ហេីយក្នុងនាមរដ្ឋខេត្តបន្ទាយមានជ័យ នឹងបន្តសហការជានិច្ច។
លោក URANO Shigeyuki បានសម្តែងនូវការសោកស្តោយចំពោះប្រទេសកម្ពុជា ក៏ដូចជាខេត្តបន្ទាយមានជ័យ ដែលរងគ្រោយដោយសារការឈ្លានពានពីប្រទេសថៃមកលេីកម្ពុជា ដែលបានធ្វេីឲ្យពលរដ្ឋស្លូតត្រង់បានស្លាប់ និងរងបួស ព្រមទាំងវីរៈកងទ័ពកម្ពុជា បានពលីនៅក្នុងសមរភូមិ ក្នុងជម្លោះទាំង២លេីក កាលពីឆ្នាំ២០២៥កន្លងទៅ។
លោកបន្ត អ្វីដែលជាការលេីកឡេីងរបស់ឯកឧត្តម អ៊ុំ រាត្រី ចង់ឲ្យបានកិច្ចសហកិច្ចដោះមីនបន្តនៅប្រទេសកម្ពុជា ក៏ដូចជាខេត្តបន្ទាយមានជ័យ លោកនឹងយកសំណេីរបស់រដ្ឋបាលខេត្ត ដេីម្បីជម្រាបរដ្ឋាភិបាលជប៉ុន។
សូមបញ្ជាក់ថា អង្គការសកម្មភាពកំចាត់មីនជប៉ុន JMAS សហការជាមួយអង្គភាព CMAC បានចាប់ផ្តើមកិច្ចប្រតិបត្តិការបោស សម្អាតមីនក្នុងខេត្តបន្ទាយមានជ័យ ចាប់តាំងពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧ និងគ្រោងបញ្ចប់បេសកកម្មបោសសម្អាត មីននៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នាពេលខាងមុខនេះ។ ក្នុងរយៈពេល៩ឆ្នាំនៃកិច្ចប្រតិបត្តិការដោះមីនរបស់អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) ក្នុងខេត្តបន្ទាយមានជ័យ អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) ពិតជាទទួលបាននូវការស្វាគមន៍ គាំទ្រយ៉ាងកក់ក្តៅ និងការចូលរួមសហការបានយ៉ាងល្អ ពីអាជ្ញាធរគ្រប់លំដាក់ថ្នាក់រហូតទទួលជោគជ័យ៕













