ឯកឧត្តមរដ្ឋមន្ត្រីសុខាភិបាល សម្ពោធដាក់ឱ្យប្រើប្រាស់អគារមន្ទីរពិសោធន៍ជីវសុវត្ថិភាពកម្រិត៣ ជាគ្រឹះសម្រាប់ត្រៀម ឆ្លើយតបនឹងស្ថានការណ៍អាសន្នសុខភាពសាធារណៈ នាពេលអនាគត


ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមន្ទីរពិសោធន៍ និងបន្ទប់ពិសោធន៍ជីវសុវត្ថិភាពកម្រិត ៣ (BSL-3) នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ។

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នេះ គឺជាសមិទ្ធផលមួយបន្ថែមទៀតដែលជាការរីកចម្រើននៃវិស័យសុខាភិបាលកម្ពុជា និងជាលទ្ធផលជាក់ស្តែងនៃចក្ខុវិស័យវែងឆ្ងាយ របស់រាជរដ្ឋាភិបាល ក្នុងការកសាងប្រព័ន្ធមន្ទីរពិសោធន៍ជាតិ ដែលមានភាពធន់ ឯករាជ្យភាព និងគុណភាពខ្ពស់ ស្របតាមស្តង់ដាជាតិ និងអន្តរជាតិ ស្តីពីជីវសុវត្ថិភាព និងសន្តិសុខ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា មន្ទីរពិសោធន៍ BSL-3 នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ ជាទ្រព្យសម្បត្តិសំខាន់របស់ជាតិ ដែលត្រូវថែរក្សាឱ្យមានដំណើរការល្អ និងជាការបើកទំព័រថ្មីមួយ បង្ហាញពីសមត្ថភាពរបស់កម្ពុជា ក្នុងការតាមដាន និងការអង្កេតការផ្ទុះជំងឺ ការតាមដានមេរោគស៊ាំនឹងឱសថប្រឆាំងមេរោគ និងការស្រាវជ្រាវអនុវត្ត ដែលអាចផ្តល់ជាភស្តុតាងវិទ្យាសាស្រ្តជាក់លាក់ សម្រាប់ការកំណត់គោលនយោបាយ និងការធ្វើអន្តរាគមន៍ផ្សេងៗ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមបានបន្តថាវត្តមានមន្ទីរពិសោធន៍ BSL-3 នឹងចូលរួមយ៉ាងសកម្ម ក្នុងបណ្តាញមន្ទីរពិសោធន៍ថ្នាក់ជាតិ តំបន់ និងអន្តរជាតិ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការបណ្តុះបណ្តាល ការស្រាវជ្រាវ ការចែករំលែកព័ត៌មាន នេះ នឹងជាគ្រឹះសំខាន់សម្រាប់ការត្រៀមខ្លួនរបស់កម្ពុជា ចំពោះការឆ្លើយតបនឹងស្ថានការណ៍អាសន្នសុខភាពសាធារណៈនាពេលអនាគត។

ក្នុងឱកាសនេះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរពិសោធន៍ទាំងអស់ ចូលរួមថែរក្សា និងពង្រឹងសមត្ថភាពផ្នែកមន្ទីរពិសោធន៍ ដោយ៖ ១) ត្រូវត្រួតពិនិត្យ គុណភាពប្រើប្រាស់ និងការថែទាំឱ្យបានត្រឹមត្រូវ ២) ផ្ទៀងផ្ទាត់ជាមួយអ្នកជំងឺ នៃការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជាមួយនឹងមន្ទីរពេទ្យ ៣) ត្រូវមានឱ្យបានគុណភាពខ្ពស់ និងស្តង់ដា ភាពត្រឹមត្រូវ និងទាន់ពេលវេលា។

ជាមួយគ្នានេះ មន្ទីរពិសោធន៍ត្រូវបង្កើនវិសាលភាពឱ្យកាន់តែទូលំទូលាយ ក្នុងការបម្រើសេវាផ្នែកមន្ទីរពិសោធន៍ ដើម្បីធានាបានគុណភាព សុវត្ថិភាព រហ័សទាន់ពេលវេលា វិភាគឱ្យបានគ្រប់ប្រភេទ និងមានតម្លៃសមរម្យ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ។

បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍សំខាន់ៗ ជូនដល់វិទ្យាស្ថានជាតិសុខភាពសាធារណៈ ក្នុងការប្រើប្រាស់ និងប្រតិបត្តិការមន្ទីរពិសោធន៍ BSL-3 ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់គឺ៖

១) ត្រូវបន្តពិនិត្យនិងកែលម្អយន្តការគ្រប់គ្រង ការប្រើប្រាស់មន្ទីរពិសោធន៍ BSL-3 ឱ្យកាន់តែមានប្រសិទ្ធភាពនិងស្របទៅតាមការប្រែប្រួលនៃបទប្បញ្ញត្តិស្តីពីជីវសុវត្ថិភាព និងសន្តិសុខជាតិ និងអន្តរជាតិ។

២) ត្រូវសម្របសម្រួលការងារតាមដាន និងអង្កេតលើជំងឺឆ្លង ដោយប្រើប្រាស់បណ្តាញមន្ទីរពិសោធន៍វេជ្ជសាស្រ្តរដ្ឋ និងឯកជន ដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រមូលសំណាក ការបញ្ជូនសំណាក ការធ្វើតេស្ត និងការឆ្លើយតបទៅនឹងបញ្ហាសុខភាពសាធារណៈឱ្យបានទាន់ពេលវេលា។

៣) ត្រូវបន្ត និងពង្រឹងបន្ថែមការតាមដានការឆ្លងរោគ នៅតាមមន្ទីរពេទ្យនិងកំណត់រកមេរោគស៊ាំនឹងឱសថប្រឆាំងមេរោគ និងប្រមូលទិន្នន័យជាភស្តុតាងវិទ្យាសាស្រ្តជាក់លាក់ សម្រាប់ប្រើប្រាស់ក្នុងការកំណត់គោលនយោបាយ និងការធ្វើអន្តរាគមន៍ផ្សេងៗឱ្យមានប្រសិទ្ធភាពខ្ពស់។

៤) ត្រូវបន្តពង្រឹងប្រព័ន្ធមន្ទីរពិសោធន៍នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងបង្កើនសមត្ថភាពរបស់អ្នកបច្ចេកទេសមន្ទីរពិសោធន៍នៅថ្នាក់ជាតិនិង ក្រោមជាតិ ជាប្រចាំក្នុងការធ្វើរោគវិនិច្ឆ័យ ដើម្បីធានាការឆ្លើយតបរហ័សចំពោះការផ្ទុះជំងឺ និងហានិភ័យថ្មីៗ។

សូមបញ្ជាក់ដែរថា អគារមន្ទីរពិសោធន៍ជីវសុវត្ថិភាពកម្រិត៣នេះ មានកំពស់ ៤ជាន់ មានប្រវែងបណ្តាយ ៤០.៩ម៉ែត និងទទឹង១៥.៤ម៉ែត្រ សាងសង់លើផ្ទៃដី ២៤១៩.៤ម៉ែត្រការ៉េ ស្ថិតនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ។ នៅតាមជាន់នីមួយៗ មានបន្ទប់សំខាន់ៗ ដូចជា៖ ជាន់ផ្ទាល់ដី មាន ៧បន្ទប់ ៖ បន្ទាប់ការិយាល័យ, ឃ្លាំង, បន្ទប់ចំរោះមេរោគ, បន្ទាប់គ្រប់គ្រងសំពាធអវិជ្ជមាន បន្ទប់ស្រាវជ្រាវ និងបន្ទប់Freezer Farm ជាន់ទី១ មាន៦បន្ទប់៖ បន្ទប់ការិល័យ, បន្ទប់សំពាធអវិជ្ជមានកម្រិត៣, បន្ទប់ពិសោធន៍ និងបន្ទប់សម្លាប់មេរោគ ជាន់ទី២ មាន៨បន្ទប់៖ ការិយាល័យ និងបន្ទប់ប្រជុំ និងជាន់ទី៣៖ បន្ទប់ប្រជុំ និងសាលប្រជុំ៕