(ភ្នំពេញ)៖ គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល បានសម្តែងនូវទុក្ខក្រៀមក្រំប្រកបដោយក្តីក្តុកក្ដួលបំផុតដោយឯកឧត្តម ប៉ូល ពីឌូ សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជារដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ដែលបានទទួលមរណភាព កាលពីថ្ងៃអង្គារ ២កើត ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១២៖១២នាទីថ្ងៃត្រង់ ក្នុងជន្មាយុ៥៧ឆ្នាំ ដោយរោគាពាធ។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មធិការកណ្តាល សូមសម្តែងនូវការសោកស្តាយគ្មានអ្វីប្រៀបផ្ទឹមបានឡើយ ចំពោះមរណភាពនេះ និងសូមកត់ត្រាទុកនូវរាល់ស្នាដៃ និងរាល់សកម្មភាពនៃការរួមចំណែកយ៉ាងសកម្មរបស់ឯកឧត្តម ប៉ូល ពីឌូ ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងគណបក្សប្រជាជនកម្ពុជា។
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល សូមចូលរួមរំលែកនូវមរណទុក្ខ ដោយក្តីសោកសង្រេងបំផុតជាមួយក្រុមគ្រួសារនៃសព និងសូមបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម ប៉ូល ពីឌូ បានទៅកាន់សុគតិភពកុំបីខានឡើយ៕

