អភិបាលខេត្តកំពង់ចាម រំពឹងថា ឆ្នាំនេះក្រុមការងាររាជរដ្ឋាភិបាលជួយមូលដ្ឋានក្រុងកំពង់ចាម នឹងសម្រួចការងារឲ្យកាន់តែល្អប្រសើរ ដើម្បីជាគំរូនៃបណ្តាស្រុកផ្សេងៗទៀត


ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលជួយមូលដ្ឋានក្រុងកំពង់ចាម បានរំពឹងទុកថា ក្រុមការងាររាជរដ្ឋាភិបាលជួយមូលដ្ឋានក្រុងកំពង់ចាម និងសម្រួចការងារឲ្យកាន់តែល្អប្រសើរ ក្នុងឆ្នាំ២០២៦នេះ ដើម្បីជាគំរូនៃបណ្តាស្រុកផ្សេងៗទៀតអនុវត្តតាម។

ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៥ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្នុងកំពង់ចាម។

លោក លី សុវណ្ណ អភិបាលក្នុងកំពង់ចាម បានឲ្យដឹងថា ក្នុងឆ្នាំ២០២៥ កន្លងមក ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម បានដោះស្រាយនូវរាល់សំណើសំណូមពរ ដែលស្នើឡើងដោយប្រជាពលរដ្ឋក្នុងវេទិកាសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាល។ ក្នុងនោះសំណើសំណូមពរមានចំនួន ៦៩ ក្រុមការងាររាជរដ្ឋាភិបាលដោះស្រាយរួចរាល់បានចំនួន៦៨ សំណើសំណូមពរ នៅសល់ចំនួន ០១ (អំពីសំណើសុំបណ្ណ ប.ស.ស ឬបណ្ណសមធម៌។

ដោយឡែក សម្រាប់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ទាំងបួន បានចុះធ្វើវេទិកាសាធារណៈក្នុងមូលដ្ឋានរៀងៗខ្លួន ក្នុងនោះក្រុមការងារ បានដោះស្រាយនូវសំណើ សំណូមពរ និងទុក្ខកង្វល់របស់ប្រជាពលរដ្ឋ បានជាច្រើនករណីផងដែរ។

ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងផងដែរថា សមិទ្ធផលដែលខេត្តកំពង់ចាមទទួលបានក្នុងឆ្នាំ២០២៥ កន្លងទៅ គឺអង្គភាពចំនួន៣ ដែលទទួលបានចំណាត់ថ្នាក់ជ័យលាភីលេខ១ ក្នុងការប្រឡងប្រណាំងអង្គភាពផ្ដល់សេវាគំរូ ទូទាំងប្រទេស។ ក្នុងនោះមាន មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការផ្ដល់សេវាគំរូ លើវិស័យសុខាភិបាល និងការិយាល័យប្រជាពលរដ្ឋខេត្ត ទទួលបានចំណាត់ថ្នាក់លេខ១ និងអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្ត ទទួលជ័យលាភី ចំណាត់ថ្នាក់លេខ១ ផងដែរ។

ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ផងដែរថា ក្រុងកំពង់ចាមគឺជាតំបន់ប្រមូលផ្ដុំ ទាំងពាណិជ្ជកម្ម ទាំងនយោបាយ និងរដ្ឋបាល ដូច្នេះក្រុមការងារជួយក្រុងកំពង់ចាម ត្រូវខិតខំសម្រួច តាក់តែងគោលនយោបាយ និងយុទ្ធសាស្ត្រនានា ក្នុងការបម្រើប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ ដើម្បីជាគំរូ សម្រាប់ក្រុមការងារនៃស្រុកទាំង៩ទៀត យកទៅអនុវត្តឱ្យស៊ីគ្នាជាមួយស្ថានភាពជាក់ស្ដែង នៅក្នុងមូលដ្ឋានរបស់ពួកគាត់។ ដូច្នេះអ្វីដែលក្រុមការងារក្រុងកំពង់ចាម រៀបចំបានល្អ គឺនាំភាពល្អនេះ ឲ្យទៅបណ្ដាឃុំ និងបណ្ដាស្រុក ផ្សេងៗ នៅក្នុងខេត្តកំពង់ចាមរបស់យើង ដែលទាំងនេះ គឺជាការរៀនពីគ្នាទៅវិញទៅមក។ ដូច្នេះហើយ យើងត្រូវឲ្យក្រុងកំពង់ចាម រៀបចំការចេញដំណើរនៅក្នុងឆ្នាំ២០២៦នេះ ឲ្យបានកាន់តែល្អប្រសើរ៕