ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តព្រៃវែង។
ក្នុងឱកាសនោះ លោក សួន សុម៉ាលីន អភិបាលខេត្តបានថ្លែងថា ក្នុងនាមរដ្ឋបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានខិតខំការពុះពារជំនះរាល់បញ្ហាប្រឈម ដឹកនាំកំណែទម្រង់ និងសម្របសម្រួលក្នុងចំណោម ក្រសួងស្ថាប័ននានា ដើម្បីផ្ទេរមុខងារ និងធនធាន ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ឲ្យទៅជាស្ថាប័នកាន់តែរឹងមាំ មានសមត្ថភាព មានសិទ្ធិអំណាច មានមុខងារ និងធនធាន និងការទទួលខុសត្រូវក្នុងការ ផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយប្រសិទ្ធភាព ដើម្បីចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងរួមចំណែកសម្រេចបាននូវគោលដៅរបស់រាជរដ្ឋាភិបាល។
លោកបានបន្តថា ផ្អែកលើបញ្ហាប្រឈមដែលសេសសល់ អង្គសន្និបាត នឹងបន្តដោះស្រាយតាមវិធានការសមស្របនានា និងធ្វើការប្តេជ្ញាចិត្តរួមគ្នាថែរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពក្នុងសង្គម អង្គសន្និបាត ក៏បានប្តេជ្ញាចិត្តខិតខំសម្រេចឲ្យបាននូវទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តព្រៃវែង សំដៅចូលរួមអនុវត្តឲ្យបានជោគជ័យ នូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
លោកអភិបាលខេត្ត បានបន្ថែមថា ក្នុងនាមរដ្ឋបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអាជ្ញាធរគ្រប់ថ្នាក់ ពិសេសលោកអភិសន្តិបណ្ឌិត ស សុខា និងលោកស្រី ដែលតែងតែជួយឧបត្ថម្ភ និងគាំទ្រដល់ការរៀបចំកម្មវិធី និងព្រឹត្តិការណ៍នានា ក្នុងខេត្តព្រៃវែង ឲ្យបានដំណើរការប្រព្រឹត្តិទៅ ដោយរលូន និងប្រកបដោយជោគជ័យនាពេលកន្លងមកនេះ ដែលទទួលបានលទ្ធផលគួរជាទីមោទនៈ និងបានធ្វើឲ្យខេត្តព្រៃវែង មានការអភិវឌ្ឍរីកចម្រើនជាលំដាប់ ព្រមទាំងដោះស្រាយបានបញ្ហាប្រឈម និងសំណូមពរចាំបាច់នានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ស្របតាមគោលនយោបាយ ដឹកនាំដ៏ត្រឹមត្រូវរបស់រាជារដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ជាមួយគ្នានោះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដោយបានចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តព្រៃវែងនៅថ្ងៃនេះ ដោយបានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ និងដំណើរការទៅដោយរលូនស្របទៅតាមរបៀបវារៈ និងកម្មវិធីដែលបានគ្រោងទុក ដោយមានសមាសភាពចូលរួមមកពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ នៅក្នុងរដ្ឋបាលខេត្តព្រៃវែង។
លោកអភិសន្តិបណ្ឌិត ស សុខា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់នៃខេត្តព្រៃវែង ដែលបានលះបង់កម្លាំងកាយចិត្ត ដោយមិនខ្លាចនឿយហត់ នៅក្នុងកាតព្វកិច្ចបម្រើជាតិ មាតុភូមិ និងការខិតខំប្រឹងប្រែងបំពញតួនាទី ភារកិច្ចរបស់ខ្លួនបានល្អប្រសើរ ជាពិសេសខិតខំពុះពារជំនះនូវឧបសគ្គ និងការលំបាក រហូតសម្រេចបាននូវសមិទ្ធផលនានាជាច្រើន ដូចដែលមានឆ្លុះបញ្ចាំងនៅក្នុងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តព្រៃវែង នាពេលនេះផងដែរ។
សូមបញ្ជាក់ថា ឆ្លៀតក្នុងឱកាសនោះ លោកអភិសន្តិបណ្ឌិត ស សុខា ក៏បានប្រគល់ម៉ូតូចំនួន៤០គ្រឿង ផ្តល់ជូនដល់អធិការនគរបាលក្រុង ស្រុកចំនួន៥ រួមមាន ក្រុងព្រៃវែង, ស្រុកស្វាយអន្ទរ, ស្រុកកញ្រ្ជៀច, ស្រុកកំចាយមារ និងស្រុកបាភ្នំ សម្រាប់ជួយសម្រួលដល់ការធ្វើដំណើរបម្រើការងារនៅក្នុងអង្គភាពរបស់ខ្លួនផងដែរ៕























