ឯកឧត្តម ហួត ហាក់ រួមជាមួយឯកឧត្តមបណ្ឌិត Santo Darmo Sumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញឥណ្ឌូណេស៊ីប្រចាំកម្ពុជាអញ្ជើញចូលរួមផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍មូស្លីមនៅកម្ពុជា


ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តមបណ្ឌិត Santo Darmo Sumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពឥណ្ឌូណេស៊ីប្រចាំកម្ពុជា អញ្ជើញចូលរួមថតវីដេអូបង្ហាញពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែប និងលក្ខណៈពិសេសនៃសុខដុមរមនីរវាងសាសនាព្រះពុទ្ធ និងសាសនាមូស្លីមដែលមានជាតឹកតាងនៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ (ភ្នំឧត្តុង្គ)។ តាមរយៈរមណីយដ្ឋាននេះ មានប្រវត្តិដ៏យូរលង់មកហើយទាក់ទងទៅនឹងប្រពៃណី ទំនៀមទំលាប់របស់ប្រជាពលរដ្ឋកម្ពុជាកាន់សាសនាឥស្លាម។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការចូលរួមសហការថតវីដេអូផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជារួមគ្នាជាមួយឯកឧត្តមបណ្ឌិតឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពឥណ្ឌូណេស៊ីប្រចាំកម្ពុជានេះ គឺជាឱកាសដ៏កម្រ និងមានតម្លៃសម្រាប់វិស័យទេសចរណ៍កម្ពុជា ដែលសបញ្ជាក់ឱ្យឃើញពីកាលានុវត្តភាពកាន់តែប្រសើរឡើងសម្រាប់កម្ពុជាក្នុងការច្បាមយកឱកាស និងធ្វើពិពិធកម្មទីផ្សារទេសចរណ៍ ដើម្បីពង្រឹង និងពង្រីកសក្ដានុពលវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយ ការត្រៀមខ្លួនជាស្រេចដើម្បីចាប់យកទីផ្សារទេសចរណ៍មូស្លីមដែលជាទីផ្សារប្រកបដោយសក្តានុពលមួយ មកបំពេញបន្ថែមទីផ្សារអន្តរជាតិដែលមានស្រាប់សំដៅជំរុញការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។

សូមជម្រាបជូនបន្ថែមថា រមណីយដ្ឋានភ្នំព្រះរាជទ្រព្យ (ភ្នំឧត្តុង្គ) ជារមណីយដ្ឋានកែច្នៃបែបធម្មជាតិគួរឱ្យចាប់អារម្មណ៍ និងជាទីលំហែកាយដ៏ល្អបំផុតសម្រាប់ភ្ញៀវទេសចរជិតឆ្ងាយ ដែលមើលទៅទាំងទេសភាព ទាំងបរិយាកាស មានសភាពរស់រវើក និងជាភ្នំប្រវត្តិសាស្ត្រមួយនៅក្នុងឃុំផ្សារដែក និងឃុំភ្នំបាត ស្រុកពញ្ញាឮ ខេត្តកណ្តាល ដែលមានចម្ងាយ៤០ គ.ម ពីរាជធានីភ្នំពេញ។