ឯកឧត្តម ថោ ជេដ្ឋា អញ្ជើញដឹកនាំគណៈប្រតិភូអន្តរក្រសួង​​​ធ្វើទស្សនកិច្ចសិក្សាស្វែងយល់ស្ថានភាពអន្លង់អភិរក្សត្រីមេពូជ​ អន្លង់វឿនឌុក ក្នុងទន្លេមេគង្គនៃតំបន់រ៉ាមសារស្ទឹងត្រែង ខេត្តស្ទឹងត្រែង


នៅថ្ងៃសៅរ៍ ៦កើត ខែ​មាឃ​ ឆ្នាំ​ម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី​២៤​ ខែ​មករា ឆ្នាំ​២០២៦​នេះ​ ឯកឧត្តម​ ថោ ជេដ្ឋា​ រដ្ឋមន្ត្រី​ក្រសួងធនធានទឹក និង​ឧតុនិយម​ និង​ជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា​ បាន​ដឹកនាំគណៈប្រតិភូ​ក្រសួង-ស្ថាប័នពាក់ព័ន្ធ​ដែលជាសមាជិកគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា​ អញ្ជើញ​ធ្វើទស្សនកិច្ចសិក្សា ដើម្បី​ពង្រីកការ​​ស្វែងយល់បន្ថែម​អំពីស្ថានភាព​អន្លង់អភិរក្សត្រីមេពូជ​ ​អន្លង់វឿនឌុក និង​ការគ្រប់គ្រងរបស់សហគមន៍​នេសាទភូមិថ្មី​ ក្នុងទន្លេមេគង្គ​នៃតំបន់រ៉ាមសារស្ទឹងត្រែង​ ស្ថិតក្នុងភូមិថ្មី​ សង្កាត់សាមគ្គី​ ក្រុងស្ទឹងត្រែង​ ខេត្តស្ទឹងត្រែង​។​​

សូមជម្រាបថា គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ជាស្ថាប័នជាតិមួយ​ស្ថិតក្រោមការគ្រប់គ្រងផ្ទាល់​របស់រាជរដ្ឋាភិបាល​ដែលមាន​បេសកកម្ម​សម្របសម្រួល​ក្នុងការគ្រប់គ្រង​ ការការពារ ការអភិរក្ស​ និង​ការអភិវឌ្ឍ​ប្រកបដោយចីរភាព​នូវធនធានទឹក និង​ធនធានពាក់ព័ន្ធដទៃទៀត​ក្នុងអាងទន្លេមេគង្គ។ នៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការគណៈកម្មការទន្លេមេគង្គ (MRC) គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា មានតួនាទីក្នុងការសម្របសម្រួលនៅថ្នាក់ជាតិ​ ​និង​ក្របខ័ណ្ឌតំបន់លើការរៀបចំ ការអនុវត្ត​ ការពិនិត្យតាមដាន ការវាយតម្លៃ​លើផែនការ យុទ្ធសាស្ត្រ គម្រោង​ កម្មវិធី និង​សកម្មភាពនានារបស់គណៈកម្មការទន្លេមេគង្គ​។

សូមបញ្ជាក់ថា​ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា​ បានបង្កើតឡើងដំបូង​តាមសេចក្តីសម្រេចលេខ​៣១៩/៨០ ចុះថ្ងៃទី​១៤ ខែតុលា ឆ្នាំ​១៩៨០ របស់ក្រុមប្រឹក្សាប្រជាជនបដិវត្តន៍នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា និង​តាមព្រះរាជក្រឹត្យលេខ នស/រកត/០៩០៩/៩៤៣ ចុះថ្ងៃទី២៣ ខែ​កញ្ញា ឆ្នាំ​២០០៩​ ស្ដីពីការកែសម្រួល និង​ការធ្វើនិយ័តភាព​ការបង្កើត​គណៈកម្មាធិការជាតិទន្លេមេគង្គ​។ បច្ចុប្បន្នគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា​ មានក្រសួង-ស្ថាប័នពាក់ព័ន្ធ​ជាសមាជិកចំនួន១៧ ដែលជាភ្នាក់ងារអនុវត្ត និង​ផ្ដល់កិច្ចសហការ និង​ការចូលរួមក្នុងក្របខ័ណ្ឌ​ការងាររបស់គណៈកម្មការទន្លេមេគង្គ ដើម្បី​រួមចំណែកលើកកម្ពស់ប្រសិទ្ធភាព​សម្រាប់ការគ្រប់គ្រង​ និង​ការអភិវឌ្ឍ​ប្រកបដោយចីរភាព​ក្នុងអាងទន្លេមេគង្គ៕