ឯកឧត្តម សួន សុម៉ាលីន អញ្ជើញប្រកាសបញ្ចូលសមាជិកបក្សថ្មីជាយុវជនចំនួន៣៦៤នាក់


ក្នុងឱកាសអញ្ជើញបិទវគ្គ «អប់រំនយោបាយសតិអារម្មណ៍» នៅរសៀលថ្ងៃទី២៥ ខែមករាឆ្នាំ២០២៦នេះ ឯកឧត្តម សួន សុម៉ាលីន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានយុវជនគណបក្សខេត្ត បានប្រកាសបញ្ចូលសមាជិកបក្សថ្មីជាយុវជន បានចំនួន ៣៦៤នាក់ ក្នុងនោះស្រីចំនួន ១៩៧នាក់។

ក្នុងពិធីនេះ ឯកឧត្តម សួន សុម៉ាលីន បាននាំមកនូវអនុសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និង ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ដែលលោកទាំងពីរតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយឧបត្ថម្ភគាំទ្ររាល់សកម្មភាពនានា ក៏ដូចជាសកម្មភាពបណ្តុះបណ្តាលរបស់យុវជនគណបក្សខេត្តនាពេលនេះ។

ឯកឧត្តមបានបន្ថែមទៀតថា «ក្នុងនាមយើងទាំងអស់គ្នាជាយុវជន យើងត្រូវតែជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងមិនត្រូវជឿលើការញុះញង់បំភ្លៃការពិតរបស់ជនអគតិណាម្នាក់ឡើយ»

សូមបញ្ជាក់ថា ពិធីនេះធ្វើឡើង នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ដោយមានការចូលរួមពី លោក លោកស្រី អនុប្រធានយុវជនគណបក្សខេត្ត ក្រុមគ្រូឧទ្ទេស គ្រូជំនួយ និងសហការី លោក ប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សស្រុក ប្រធាន អនុប្រធានយុវជនគណបក្សស្រុក និងសមាជិក សមាជិកាបក្សស្រុក និងយុវជនស្រុកកំចាយមារ សរុបចំនួន ៦៩៦នាក់៕