ឧត្ដម​សេនីយ៍​ទោ​ សោម​ ស៊ុន​ ប្រគល់ផ្ទះខ្នងទី៦៩ អំណោយ​សម្តេច​តេជោ​ ហ៊ុន​ សែន​ ដែលបានសាងសង់ជូនអតីតយុទ្ធជនសោធននិវត្តន៍​ នៅ​ស្រុក​កំពង់​ស្វាយ


ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយលោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ធំ និងលោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ រួមជាមួយអាជ្ញាធរដែនដី នៅរសៀលថ្ងៃទី២៦​ ខែមករា ឆ្នាំ២០២៦ បានដឹកនាំសហការី ទៅប្រគល់ផ្ទះថ្មីមួយខ្នង ដែលជាខ្នងទី៦៩ អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​ ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនអតីតយុទ្ធជនសោធននិវត្តន៍ មានដី មានជម្រកស្នាក់នៅមិនសមរម្យ នៅភូមិប្រាសាទ​ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ​ ខេត្តកំពង់ធំ។

លោកអនុសេនីយ៍ទោ នួន ស៊ីថាល់ ក្រុមលេខាធិការដ្ឋាន សមាគមអតីតយុទ្ធជន និងនិវត្ដជនកម្ពុជា ខេត្តកំពង់ធំ បានរៀបរាប់ថា លោក ស៊ុក សាញ់ មានអាយុ ៦៦ឆ្នាំ​ ធ្លាប់បានចូលបម្រើការក្នុងជួរនគរបាលនៅឆ្នាំ១៩៩៣ នៅអង្គភាពអធិការដ្ឋានគរបាលស្រុកកំពង់ស្វាយ​ ដោយមានឋានន្តរសក្ដិ ព្រិន្ទបាលទោ ក្រោយមកត្រូវបានក្រសួងមហាផ្ទៃ ដាក់ឱ្យចូលនិវត្តនៅឆ្នាំ២០១៦។ លោកមានភរិយាឈ្មោះ រ៉ាយ រឹម អាយុ ៦៥ឆ្នាំ មានកូននិងចៅចំនួន​ ៨នាក់ នៅក្នុងបន្ទុក រស់នៅក្នុងផ្ទះតូចចង្អៀត និងទ្រុឌទ្រោម។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ផ្ទះថ្មី ដែលទើបសាងសង់រួចនេះ មានទំហំ ៥ម៉ែត្រ គុណនិង ៧ម៉ែត្រ សាងសង់ពីសសរបេតុង ឆ្អឹងដែក ដំបូលប្រក់ស័ង្កសីកិនភ្លី ជញ្ជាំងស្មាតប៊ត រនាបក្រាលក្តារ ដោយមានតសំយ៉ាបផ្ទះបាយទៅក្រោយប្រវែង ៣ម៉ែត្រ ព្រមទាំងមានបង្គន់អនាម័យសម្រាប់ប្រើប្រាស់ផងដែរ។ ហើយកន្លងទៅនេះ នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានសាងសង់ផ្ទះចំនួន ៦៩ខ្នង ជូនក្រុមគ្រួសារអតីតយុទ្ធជនរួចមកហើយ និងកំពុងដំណើរការសាងសង់បន្តមួយចំនួនទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកនូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ មានមុង ភួយ កន្ទេល ខ្នើយ ចាន ឆ្នាំង ព្រមទាំងសម្ភារប្រើប្រាស់ផ្សេងៗ ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់លោកព្រិន្ទបាលទោ ស៊ុក សាញ់ សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ និងសម្រាប់ប្រើប្រាស់ក្នុងឱកាសទទួលបានផ្ទះថ្មីនៅពេលនេះ​​ ។

លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុក ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុកកំពង់ស្វាយ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានផ្ដល់ផ្ទះថ្មីចំនួន ១ខ្នង និងស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ សម្រាប់ឡើងផ្ទះថ្មី ជូនដល់អតីតយុទ្ធជននាពេលនេះ និងសូមគោរពជូនពរសម្ដេច និងថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា នៅគ្រប់ថ្នាក់៕