ឧបនាយករដ្ឋម​ន្ត្រី នេត សាវឿន កោតសរសើរក្រសួងបរិស្ថាន ដែលយកចិត្តទុកដាក់ខ្ពស់ ដោះស្រាយបញ្ហាប្រព័ន្ធបឹងទន្លេសាប និងទន្លេមេគង្គ ដោយការអនុវត្ត «យុទ្ធនាការផ្ទៃទឹកស្អាត»


សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាតំណាងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកោតសរសើរដល់ក្រសួងបរិស្ថាន ដែលមានការយកចិត្តទុកដាក់ខ្ពស់ ដោះស្រាយបញ្ហាប្រព័ន្ធបឹងទន្លេសាប និងទន្លេមេគង្គ កំពុងរងបញ្ហាប្រឈមកើនឡើងជាលំដាប់ ដោយគ្រោះរាំងស្ងួត បានអូសបន្លាយពេលជាញឹកញាប់ ដោយការអនុវត្ត «យុទ្ធនាការផ្ទៃទឹកស្អាត» ដែលបានផ្តល់អាទិភាពទៅលើប្រព័ន្ធទឹកបឹងទន្លេសាប។

ការកោតសរសើរបែបនេះ របស់ឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានធ្វើឡើងនៅក្នុងឱកាសលោកអញ្ជើញ បិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងបរិស្ថាន ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងរិស្ថាន។

នៅចំពោះមុខថ្នាក់ដឹកនាំក្រសួងរិស្ថាន មន្ត្រីរាជការ ព្រមទាំងអ្នកជំនាញអន្តរជាតិលើវិស័យបរិស្ថាន, ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ក៏សូមលើកទឹកចិត្តដល់ក្រសួងបន្តយុទ្ធនាការនេះ ដើម្បីលើកកម្ពស់សុខុមាលភាពនៃការរស់នៅរបស់ប្រជាសហគមន៍ និងធានានូវសន្តិសុខ និងសុវត្ថិភាពនៃធនធានធម្មជាតិទឹកសាប របស់យើងឱ្យបានគង់វង្ស។

ជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានលើកឡើងថា ការសិក្សាលើរូបភាពផ្កាយរណបបានបង្ហាញថា ពិភពលោកបានបាត់បង់គម្របព្រៃ ១/៣ នៃគម្របព្រៃទាំងមូល ហើយពាក់កណ្តាលនៃការបាត់បង់នេះ បានកើតឡើងនៅក្នុងសតវត្សនេះ។ ជាលទ្ធផលអវិជ្ជមាន ៤ពាន់លានតោន ក្នុងរៀងរាល់ទសវត្សចាប់ពីឆ្នាំ១៩៨០មក។ កម្ពុជាជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិច តែទទួលរងផលប៉ះពាល់ខ្លាំងពីការប្រែប្រួលអាកាសធាតុដូចជា៖ គ្រោះទឹកជំនន់ ជាញឹកញាប់ និងគ្រោះរាំងស្ងួតដែលអូសបន្លាយ ដែលបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិត ជីវភាពរស់នៅរបស់ប្រជាជនយើង និងរាំងស្ទះលទ្ធភាព និងល្បឿននៃដំណើរការអភិវឌ្ឍការបំភាយឧស្ម័នកាបូនិកទៅក្នុងបរិយាកាសមានការកើនឡើងប្រមាណ ប្រទេសជាតិ។

ឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានឱ្យដឹងថា ក្នុងបរិបទនេះ កម្ពុជាចូលរួមអំពាវនាវជាមួយសហគមន៍អន្តរជាតិ ដើម្បីធានាសុវត្ថិភាពប្រព័ន្ធអេកូឡូស៊ីទឹកសាប តាមរយៈការគ្រប់គ្រងទីជម្រាលតំបន់ដីសើម ការអង្កេតនិងតាមដានគុណភាពទឹក ការស្តារតំបន់ដីសើម និងការរួមបញ្ចូលវិធីសាស្ត្រដំណោះស្រាយតាមបែបធម្មជាតិ (Nature-based Solutions) ដើម្បីកាត់បន្ថយហានិភ័យទៅលើសុខុមាលភាពប្រព័ន្ធអេកូឡូស៊ីទឹកសាប និងការពារជីវភាពរស់នៅរបស់ប្រជាសហគមន៍។

បើតាមរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកបណ្ឌិត អ៊ាង សុផល្លែត បានឱ្យដឹងថា ភាពស្អាតក្នុងទឹក ក្រសួងបានដាក់ឱ្យដំណើរការស្ថានីយស្វ័យប្រវត្តិ ២៤ម៉ោង នៅទន្លេចតុមុខ និងតាមដានគុណភាពទឹកចំនួន ៦៣ទីតាំងទូទាំងប្រទេស។ តាមលទ្ធផល វាយតម្លៃបង្ហាញថា គុណភាពទឹកសាធារណៈស្ថិតក្នុងកម្រិតល្អ ដោយមិនមានការបំពុលគួរឱ្យព្រួយបារម្ភឡើយ។

លោកណ្ឌិត អ៊ាង សុផល្លែត បានបន្តថា ក្រសួងក៏បានជំរុញឱ្យរោងចក្រ៦១កន្លែងចុះកិច្ចសន្យាដំឡើងឧបករណ៍ស្វ័យត្រួតពិនិត្យសំណល់រាវ។ អគ្គនាយកដ្ឋានគាំពារបរិស្ថានបានពិភាក្សាស្តីពី «ភាពស្អាត» ដោយបានលើកយកនូវបទពិសោធន៍ បញ្ហាប្រឈម និងបានបំផុសការពិភាក្សានូវប្រធានបទចំនួន ៧ជូន អង្គសន្និបាតពិភាក្សាផ្លាស់ប្តូរយោបល់ ដើម្បីជាធាតុចូលបន្ថែមទៀតសម្រាប់កំណត់ទិសដៅការងាររបស់អគ្គនាយកដ្ឋានអនុវត្តបន្ត ក្នុងនេះមាន៖១.ប្រសិទ្ធភាពនៃការអនុវត្តរបស់រដ្ឋបាលថ្នាក់ក្រោមជាតិលើការគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន ២. វិធានការទប់ស្កាត់ការបំពុលទឹកពីប្រភពបំពុល ៣. វិធានការទប់ស្កាត់ការបំពុលខ្យល់ពីប្រភពបំពុល ៤. សុក្រឹតកម្មបរិស្ថានកិច្ចនៃការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ៥. ការអនុវត្តច្បាប់លើបទល្មើសបំពុលបរិស្ថាន ៦. សហគមន៍គ្មានសំរាម និង៧. ការងារបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យបញ្ចេញសំណល់រាវតាមរោងចក្រ សហគ្រាស៕