អភិបាលខេត្តកំពង់ចាម៖ ការកែទម្រង់របស់រដ្ឋាភិបាល ដើម្បីធានាអភិបាលកិច្ចល្អ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព


ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ បានដឹកនាំបើកកិច្ចប្រជុំស្តីពីការប្រមូលតម្រូវការអាទិភាពមូលដ្ឋាន សម្រាប់ការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ និងផ្សព្វផ្សាយសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ របស់រដ្ឋបាលខេត្ត។

ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំនៅនេះ ពិតជាមានសារៈសំខាន់ណាស់ ពីព្រោះបានបង្ហាញពីការអនុវត្តនូវតួនាទី និងភារកិច្ចស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រដ្ឋបាលខេត្តបានអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងតាមរយៈនៃការខិតខំរួមគ្នាក្នុងការអភិវឌ្ឍន៍ដើម្បីធានាបាននូវស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុខុមាលភាពសង្គម ហើយជីវភាពប្រជាពលរដ្ឋកាន់តែសម្បូរសប្បាយ និងរីកចម្រើនជាលំដាប់។

ទន្ទឹមនឹងនេះលោក អ៊ុន ចាន់ដា បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា បានជំរុញដំណើរការកំណែទម្រង់ដ៏ស៊ីជម្រៅ និងទូលំទូលាយរួមមាន៖ ការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការកែទម្រង់ដីធ្លី ជលផល ការគ្រប់គ្រងព្រៃឈើ ធនធានធម្មជាតិ និងបរិស្ថាន ដើម្បីធានាអភិបាលកិច្ចល្អ និងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព។

លោកអភិបាលខេត្ត បានបញ្ជាក់ថា គោលបំណងសំខាន់នៅក្នុងជំហាននេះគឺ៖ រៀបចំឯកសារ និងព័ត៌មានពាក់ព័ន្ធ នឹងការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត, រៀបចំតារាងទិន្នន័យសង្ខេបស្តីពីស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ចបច្ចុប្បន្ន ព្រមទាំងបញ្ហាប្រឈមនានា នៅក្នុងខេត្ត, រដ្ឋបាលក្រុង ស្រុក ត្រូវណែនាំបន្តដល់រដ្ឋបាលឃុំ សង្កាត់ ដើម្បីចាប់ផ្ដើមដំណើការកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខ្លួន និងផ្ញើតារាងធាតុចូលមកក្រុមការងារកសាងផែនការខេត្តក្នុងនាមរដ្ឋបាលខេត្ត និងជាប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ក្រុមការងារត្រូវកសាងផែនការ ត្រូវរៀបចំស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច តាមលក្ខណៈបច្ចេកទេសភូមិសាស្ត្រក្នុងខេត្ត ឱ្យបានល្អប្រសើរ ព្រមទាំងអនុវត្តន៍កិច្ចការនេះ ទៅតាមពេលវេលានៃប្រតិទិនការងារសម្រាប់ការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលខេត្ត ដែលក្រុមប្រឹក្សាខេត្តបានអនុម័ត៕