ខែមករា ដើមឆ្នាំ២០១៨នេះ ជើងហោះហើរ កម្ពុជា-កូរ៉េខាងត្បូង នឹងកើនដល់៣៥ជើងយន្ដហោះក្នុងមួយសប្ដាហ៍


នៅល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសម្ពោធជាផ្លូវការជើងហោះហើរថ្មីរបស់ក្រុមហ៊ុន Lanmei Airline នៅសណ្ឋាគារ The Western Chuson នាទីក្រុងសេអ៊ូល ជាមួយនឹងបណ្ដាថ្នាក់ដឹកនាំព្រលានយន្ដហោះ ក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនទេសចរណ៍ជាច្រើនរបស់កូរ៉េ ។ អ្វីដែលជាការចាប់អារម្មណ៍នោះគឺម្ហូបអាហារខ្មែរនឹងត្រូវដាក់បម្រើជូនភ្ញៀវពិសារក្នុងអំឡុងពេលហោះហើរផងដែរ នេះបើតាមការលើកឡើងរបស់ ក្រុមហ៊ុន Lanmei Airline។

គួរបញ្ជាក់ផងដែរថានៅខែមករា ដើមឆ្នាំ២០១៨នេះ ជើងយន្ដហោះ ហោះហើរ កម្ពុជា-កូរ៉េខាងត្បូង នឹងកើនដល់៧០ជើងទាំងទៅទាំងមក ក្នុងមួយសប្តាហ៏ បន្ទាប់ពីដំណើរការក្រុមហ៊ុនយន្តហោះថ្មី Lanmei Airline ដែលជាការឆ្លើយតបនឹងគោលនយោបាយបើកចំហរជើងមេឃរបស់រាជរដ្ឋាភិបាលយើង សម្តៅអូសទាញ និងជម្រុញកំណើនភ្ញៀវទេសចរណ៏ឲ្យបានតាមការគ្រោងទុក ៧លាននាក់ក្នុងឆ្នាំ២០២០។

បច្ចុប្បន្នជើងហោះហើរពីកូរ៉េទៅកម្ពុជាមានការតភ្ជាប់ពីព្រលានយន្ដហោះអន្ដរជាតិអ៊ិនឆន់ទៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ និងសៀមរាប, ពីព្រលានយន្ដអន្ដរជាតិគីមហេ ទៅព្រលានយន្ដហោះអន្ដរជាតិសៀមរាប ហើយនៅដើមឆ្នាំក្រោយនេះក៏នឹងមានពីទីក្រុងអ៊ិនឆន់ទៅខេត្តព្រះសីហនុបន្ថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការភ្ញៀវទេសចរណ៍ អ្នកវិនិយោគ ក៏ដូចជាប្រជាពលរដ្ឋខ្មែរដែលមករស់នៅ ធ្វើការ និងសិក្សានៅប្រទេសកូរ៉េខាងត្បូង៕