នៅព្រឹកថ្ងៃចន្ទ ទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងជាប្រធានស្ថាបនិកនៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) បានដឹកនាំគណៈប្រតិភូអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកុម្ភៈ។
ដំណើរអញ្ជើញដល់របស់ប្រធានព្រឹទ្ធសភាប៉ាគីស្ថាននៅឯព្រលានយន្តហោះអន្តរជាតិតេជោ អញ្ជើញទទួលដំណើរដោយលោក ធន់ វឌ្ឍនា។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ធ្វើឡើងតបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។
ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនេះ លោក ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី និង គណៈប្រតិភូនឹងចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
លោកប្រធានព្រឹទ្ធសភា ក៏នឹងអញ្ជើញជួបទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជួបសម្តែងការគួរសមចំពោះសម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ទស្សនកិច្ចផ្លូវការរបស់ប្រធានព្រឹទ្ធសភាប៉ាគីស្ថាននៅកម្ពុជា ត្រូវបានរំពឹងថា នឹងរួមចំណែកជំរុញការរឹតចំណងមិត្តភាព ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការសភាកម្ពុជា-ប៉ាគីស្ថានឱ្យកាន់តែជិតស្និទ្ធ និងជាពិសេស រួមចំណែកដល់ការលើកកម្ពស់របៀបវារៈការទូតសភារបស់កម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ការកសាងនិងរក្សាសន្តិភាព ព្រមទាំងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងពិភពលោក តាមរយៈកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ៕








