មន្ដ្រីជាន់ខ្ពស់ក្រសួងផែនការ បើកវគ្គបណ្ដុះបណ្ដាល មន្ត្រីចុះស្រង់ទិន្នន័យសម្រាប់ការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា ឆ្នាំ២០២៥-២០២៦


ឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល មន្ត្រីចុះស្រង់ទិន្នន័យសម្រាប់ការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា ឆ្នាំ២០២៥-២០២៦។

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងសំខាន់ គឺដើម្បីបង្ហាត់បង្ហាញនូវវិធីសាស្ត្រសម្ភាសន៍ ស្រង់ទិន្នន័យគ្រប់ទម្រង់នៃតារាងសំណួរ សម្រាប់អង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា ឆ្នាំ២០២៥-២៦។

គោលដៅសំខាន់នៃអង្កេតប្រជាសាស្ត្រ និងសុខភាព គឺដើម្បីប្រមូលព័ត៌មានទូទៅទាក់ទងនឹងប្រជាសាស្រ្ត សុខភាព និងបញ្ហាសង្គម ដូចជាចរឹតលក្ខណៈផ្ទះសម្បែង ការប្រើប្រាស់សេវា សុខភាព សុខភាពមាតានិងទារក ការអនុវត្តន៍ការបំបៅដោះកូន មរណភាពកុមារ មរណភាពមាតា ស្ថានភាពអាហារូបត្ថម្ភរបស់ស្ត្រី និងកុមារតូច កម្រិតលទ្ធភាពមានកូន និងការមានកូនតាមប្រាថ្នា អាពាហ៍ពិពាហ៍ ការយល់ដឹង និងប្រើប្រាស់ផែនការគ្រួសារ សកម្មភាពរួមភេទ ការយល់ដឹងនិងឥរិយាបថទាក់ទងនឹងជំងឺអេដស៍ និងការឆ្លងជំងឺកាមរោគដទៃទៀត។

អង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាឆ្នាំ២០២៥-២០២៦ នឹងផ្ដល់នូវទិន្នន័យស្ថិតិសម្រាប់សូចនាករវាស់វែងចម្បងៗមួយចំនួន អំពីសុខភាព និងប្រជាសាស្ត្រ ការប្រើប្រាស់ទឹក និងអនាម័យ ការអប់រំ សមភាពយេនឌ័រ និងភាពអង់អាចរបស់ស្ត្រី ភាពក្រីក្រ វិសមភាពសង្គម និងភាពងាយរងគ្រោះ ដើម្បីធ្វើការតាមដាន និងត្រួតពិនិត្យ ការអនុវត្តយុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាលទី១ (PS1) ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ (NSDP) គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។

លើសពីនេះទៀត លទ្ធផលអង្កេតនេះ ក៏បំពេញតម្រូវការប្រើប្រាស់ទិន្នន័យរបស់ប្រព័ន្ធស្ថិតិជាតិ លេខាធិការអាស៊ាននិងអន្តរជាតិ ពិសេសទៅទៀត លទ្ធផលអង្កេតផ្តល់ឲ្យរដ្ឋាភិបាលធ្វើរបាយការណ៍ អំពីវឌ្ឍនភាពស្ត្រីប្រចាំឆ្នាំជូនអង្គការសហប្រជាជាតិ៕