ក្រោយពីបានតម្កល់សពសម្រាប់ប្រារព្ធពិធីបុណ្យតាមគន្លងប្រពៃណី និងទំនៀមទំលាប់នៃព្រះពុទ្ធសាសនា អស់រយៈពេល ៤ថ្ងៃកន្លងមក សពឧបាសិកា សំ សួន ត្រូវជាប្អូនស្រីបង្កើត សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានដង្ហែយកទៅបញ្ចុះ នៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែកខេត្តត្បូងឃ្មុំ នាព្រឹក ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦។
ពិធីបញ្ចុះសពបានប្រារព្ធធ្វើ ឡើងក្រោមអធិបតីរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ព្រមទាំងលោក វង សូត អនុប្រធានទី ២រដ្ឋសភា និងលោកស្រី, លោក កែវ ពិសិដ្ឋ តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ និងលោកស្រី, លោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចអតីតយុទ្ធជន យុវនីតិសម្បទា និងមានការអញ្ជើញចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាខេត្តអភិបាលរងខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនញាតិមិត្តជិតឆ្ងាយ ជាច្រើនកុះករបានចូលរួមកាន់មរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត។
ឧបាសិកា សំ សួន ត្រូវជាម្តាយបង្កើតរបស់លោក ជា ដែប អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា និងត្រូវជាប្អូនស្រីបង្កើតសម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ ១១កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័កព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង៩ និង២០នាទីព្រឹក ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយជរាពាធ។
មរណភាពឧបាសិកា សំ សួន គឺជាការបាត់បង់ នូវម្តាយ ម្តាយក្មេក ជីដូន និងជីទួត ដែលប្រកបដោយ ព្រហ្មវិហារធម៌ជាទីគោរពស្រលាញ់បំផុតដែលបានបូជា កម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី ក្នុងការចិញ្ចឹមបីបាច់ ថែរក្សា និងផ្តល់ដំបូន្មានល្អៗ ដល់កូនៗ ចៅៗ ឱ្យក្លាយទៅជាធនធានមនុស្សដ៏មានតម្លៃ ប្រកបដោយគុណធម៌ នៅក្នុងសង្គមជាតិ។
ក្នុងវេលាប្រកបដោយសេចក្តីទុក្ខសោកក្រៀមក្រំនោះសម្តេចពញាចក្រី ហេង សំរិន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជាទីបំផុត ជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ញាតិមិត្តជិតឆ្ងាយទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចូលរួមពិធីបុណ្យសពឧបាសិកា សំ សួន តាំងពីថ្ងៃចាប់ផ្តើម រហូតពិធីបុណ្យបានបញ្ចប់។
វត្តមាននិមន្ត និងការអញ្ជើញចូលរួមរបស់ព្រះសង្ឃ ពុទ្ធបរិស័ទជិតឆ្ងាយលោក លោកស្រីទាំងអស់ ប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅ បានផ្តល់នូវកិត្តិយស និងមានតម្លៃយ៉ាងធំធេង ជាកម្លាំចិត្តប្រកបដោយភាពកក់ក្តៅជាទីបំផុតដល់ក្រុមគ្រួសារនៃសព។
សម្តេចចក្រី បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យគុណកែវទាំងបីមានគុណព្រះ ពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា សូមតាមជួយថែរក្សាការពារ និងប្រោះព្រំនូវសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកប ដោយពុទ្ធពរទាំងបួនប្រការគឺ “អាយុ វណ្ណៈ សុខៈ និងពលៈ” កុំបីឃ្លៀងឃ្លាតឡើយ។
សូមបួងសួងឧទ្ទិសមហាកុសលនេះ ជូនដល់ដួងវិញ្ញាណក្ខន្ធឧបាសិកា សំ សួន សូមបានទៅសោយសុខក្នុង ឋានសុគតិភព ដោយសេចក្ដីស្ងប់សុខជារៀងរហូត កុំបីឃ្លៀងឃ្លាតឡើយ៕



























