រដ្ឋមន្ត្រីវប្បធម៌៖ ការណ៍ដែលថៃលែងគោរពច្បាប់អន្តរជាតិ នាំឲ្យកម្ពុជាពិបាកធ្វើការជាមួយ


លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីវប្បធម៌ និងវិចិត្រសិល្បៈ បាននិយាយថា ការណ៍ដែលភាគីថៃលែងគោរពច្បាប់អន្តរជាតិ នាំឲ្យភាគីកម្ពុជាពិបាកធ្វើការជាមួយខ្លាំងណាស់។

នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលសន្និសីទចតុម្មុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្បៈឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ទីប្រឹក្សា ជំនួយការ និងលោក លោកស្រីជាមន្រ្តីរាជការ សរុបប្រមាណ ៦៧០នាក់។

ថ្លែងបើកអង្គសន្និបាតនាឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានបន្ថែមថា ការរាយបន្លាលួស និងដាក់ទូកុងតឺន័រ នៅលើដែនអធិបតេយ្យរបស់ភាគីកម្ពុជា គឺជាកំហុសដែលល្មើសនឹងច្បាប់អន្តរជាតិ។ ការណ៍ដែលថៃល្មើសនឹងច្បាប់អន្តរជាតិ នាំឲ្យការងារការទូតរបស់ថៃចាញ់ខ្មែរ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិតសភាចារ្យ ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការទាំងអស់ដែលបានចូលរួមចំណែកឧបត្ថម្ភគាំទ្រជាថវិកា សម្ភារៈ ក្នុងស្មារតីខ្មែរតែមួយដើម្បីជួយដល់វីរកងទ័ព នៅតាមព្រំដែនជួរមុខ និងប្រជាពលរដ្ឋភៀសសឹក ក្នុងរយៈពេលកន្លងមកនេះ។

បើតាមលោកជំទាវរដ្ឋមន្ត្រី លទ្ធផលការងារវិស័យវប្បធម៌និងវិចិត្រសិល្បៈក្នុងឆ្នាំ២០២៥ កន្លងមកទៅ កើតឡើងចេញពីការចូលរួមគាំទ្រ កិច្ចសហការសម្របសម្រួលគ្រប់ក្រសួងស្ថាប័ន វិស័យឯកជន បណ្តាប្រទេសជាដៃគូ អង្គការជាតិ អន្តរជាតិ ក៏ដូចជាលោកគ្រូ អ្នកគ្រូ សិស្សនិស្សិតសិល្បករសិល្បការិនីទាំងក្នុង និងក្រៅប្រព័ន្ធ រួមទាំងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស ដែលជាតួអង្គដ៏ចាំបាច់ក្នុងការពង្រឹងកិច្ចការពារ ការអភិវឌ្ឍ និងការផ្សព្វផ្សាយសិល្បៈជាតិឱ្យកាន់តែស្ថិតស្ថេរគង់វង្ស និងវិវត្តរីកចម្រើន។ វឌ្ឍនភាពនេះ គឺជាសកម្មភាពដែលបានរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕