ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងប៉ោយប៉ែត នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានជួបប្រជុំជាមួយក្រុមពាណិជ្ជករ និងក្រុមអាជីវករក្រុងប៉ោយប៉ែត ដើម្បីពិភាក្សាអំពីគម្រោងផែនការ អភិវឌ្ឍក្រុងប៉ោយប៉ែត នៅសាលប្រជុំសាលាក្រុងប៉ោយប៉ែត។
ក្នុងកិច្ចប្រជុំពិភាក្សានេះ ក៏មានការចូលរួមពីសំណាក់ឯកឧត្តម លៀម សូដា អភិបាលរងខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោក ព្រហ្ម ពិសិទ្ធ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចៅសង្កាត់ មន្ត្រីរាជការ ព្រមទាំងបងប្អូនពាណិជ្ជករនិងអាជីវករក្រុងប៉ោយប៉ែត។
ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានបញ្ជាក់ថា ការប្រជុំគ្នាថ្ងៃនេះ គឺក្នុងបំណងរួមគ្នាពិភាក្សាដោះដូរយោបល់ ក្នុងន័យផ្ដោតសំខាន់ លើការជំរុញកសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍក្រុងប៉ោយប៉ែតទាំងមូល ឱ្យកាន់តែមានសោភ័ណភាព ស៊ីវីល័យ ទាន់សម័យ និងកាន់តែមានការរីកចម្រើនល្អប្រសើរឡើង ទាំងផ្នែកសេដ្ឋកិច្ច និងសង្គមសាធារណៈ ដើម្បីបញ្ជាក់ឱ្យពិភពលោក បានឃើញថា កម្ពុជាមានសុខសន្តិភាព តំបន់ព្រំដែនកម្ពុជាមានការអភិវឌ្ឍ និងជាទីកន្លែងប្រកបដោយសុខុដុមនីយកម្ម ជាមួយគ្រប់ជាតិសាសន៍ ក្រោមម្លប់សន្តិភាព និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕

