អ្នកតំណាងរាស្ត្រ ហ៊ឺ វីរៈ ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពស្រូវប្រាំងរបស់ប្រជាពលរដ្ឋ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង


(កំពង់ឆ្នាំង)៖ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង អមដំណើរដោយឯកឧត្តម អុិត បូព៌ារដ្ឋាដេត អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រឡាច រួមទាំងមានការចូលរួមពីមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកកំពង់ត្រឡាច រដ្ឋបាលឃុំអំពិលទឹក ឃុំកំពង់ត្រឡាច និងមន្ត្រីកសិកម្មឃុំ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យស្ថានភាពស្រូវប្រាំងរបស់ប្រជាកសិករស្ថិតនៅភូមិព្រែកគន្លង ឃុំកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ក្នុងដំណើរចុះពិនិត្យស្រូវប្រាំងរបស់កសិករឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ ក៏បានស្ដាប់នៅបញ្ហាផ្សេងៗបស់កសិករ និងបានស្ដាប់នៅមតិយោបល់របស់មន្ត្រីការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុក និងមន្ត្រីកសិកម្មឃុំ ដើម្បីស្វែងរកដំណោះស្រាយជូនកសិករ ដែលកំពុងជួបប្រទះនូវបញ្ហា។ ជាមួយគ្នានោះលោកក៏បានមានប្រសាសន៍ផ្ដាំផ្ញើដល់កសិករត្រូវធ្វើតាមការណែនាំរបស់មន្ត្រីកសិកម្ម អំពីបច្ចេកទេសក្នុងការជ្រើសរើសពូជ ការដាំដុះ ការថែទាំ ការប្រើប្រាស់ជី ដើម្បីទទួលបានទិន្នផលខ្ពស់។

ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ បានឧបត្ថម្ភប្រេងម៉ាស៊ូតដល់កសិករចំនួន ៣០០លីត្រ ដើម្បីសម្រួលការបូមទឹកស្រោចស្រពដំណាំស្រូវផងដែរ៕