ឯកឧត្តម ថងលុន ស៊ីសុលីត អញ្ជើញមកដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ។​

យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ដំណើរបំពេញទស្សនកិច្ច​ផ្លូវរដ្ឋ​របស់ឯកឧត្តម ថងលុន ស៊ីសុលីត ធ្វើឡើងតបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា​ណា​ចក្រ​កម្ពុជា។

ក្រសួងបានឱ្យដឹងទៀតថា ក្នុងឱកាសទស្សនកិច្ចផ្លូវរដ្ឋនេះ ព្រះករុណាជាអម្ចាស់ជីវិត​លើត្បូង សព្វព្រះរាជហឬទ័យរាជានុញ្ញាតឱ្យឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត ចូលគាល់​ដើម្បី​ធ្វើសវនការ និងប្រោសប្រទានពិធីលៀងសាយភោជន៍ជាកិត្តិយសជូនឯកឧត្តម​អគ្គ​លេ​ខា​​ធិការបក្សនៅព្រះបរមរាជវាំងផងដែរ។

ឯកឧត្តមអគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋ គ្រោងនឹងអញ្ជើញដាក់កម្រង​ផ្កាគោរព​វិញ្ញាណ​ក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច​ព្រះ​នរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត ក៏នឹងមានជំនួបកំពូលជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាផងដែរ។ ក្រៅពីកម្មវិធីទស្សនកិច្ចផ្លូវរដ្ឋហើយនោះ ឯកឧត្តម ថងលុន ស៊ីសុលីត ក៏នឹងមានកម្មវិធីក្នុងក្របខណ្ឌបក្សនយោបាយផងដែរ។

ក្នុងក្របខណ្ឌបក្សនយោបាយ ឯកឧត្តម ថងលុន ស៊ីសុលីត នឹងមានជំនួប​ទ្វេភាគីជា​មួយ​សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា។ ហើយក៏មានជំនួបត្រីភាគី​រវាងសម្តេចតេជោ ហ៊ុន សែន, ឯកឧត្តម ថងលុន ស៊ីសុលីត និងឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមផងដែរ។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត ត្រូវបានក្រសួង​ការ​បរទេសកម្ពុជា ចាត់ទុកជាការពង្រឹងបន្ថែម​នូវចំណងមិត្តភាពដ៏កក់ក្តៅរវាងប្រទេស​ទាំងពីរ និងឆ្លុះបញ្ចាំងអំពីការប្តេជ្ញារួមក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ស្របតាមស្មារតី «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងកម្ពុជានិងឡាវ» ដើម្បីការ​អភិ​វឌ្ឍ និងវិបុលភាព នៃប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ៕