គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល រំលែកទុក្ខ លោក សំ សារិត សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សារាជរដ្ឋាភិបាល ដែលទទួលមរណភាព ក្នុងជន្មាយុ ៨៤ឆ្នាំ ដោយរោគាពាធ


(ភ្នំពេញ)៖ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានចេញលិខិតរំលែកទុក្ខ ឯកឧត្តម សំ សារិត សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សារាជរដ្ឋាភិបាល ដែលទទួលមរណភាព នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ០២៖៥០នាទីព្រឹក ក្នុងជន្មាយុ ៨៤ឆ្នាំ ដោយរោគាពាធ។

ក្នុងលិខិតនោះ បានបញ្ជាក់ថា «គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា សូមសម្តែងនូវទុក្ខក្រៀមក្រំ ប្រកបដោយក្ដីក្ដុកក្ដួលបំផុតដោយ ឯកឧត្តម សំ សារិត សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សារាជរដ្ឋាភិបាលនីតិកាលទី៧ ដែលបានទទួលមរណភាព កាលពីថ្ងៃព្រហស្បតិ៍ ៣រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ០២៖៥០នាទីព្រឹក ក្នុងជន្មាយុ ៨៤ឆ្នាំ ដោយរោគាពាធ»

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ គណៈអចិន្ត្រៃយ៍នៃគណៈ កម្មាធិការកណ្តាល សូមសម្តែងនូវការសោកស្តាយគ្មានអ្វីប្រៀបផ្ទឹមបានឡើយ ចំពោះ ការបាត់បង់ ឯកឧត្តម សំ សារិត ដែលជាឥស្សរជនដ៏ឆ្នើមមួយរូប ធ្លាប់បានធ្វើពលិកម្មគ្រប់ បែបយ៉ាងដើម្បី ជាតិ សាសនា ព្រះមហាក្សត្រ និងគណបក្សប្រជាជនកម្ពុជា។ ឧត្តមគតិ កិត្តិយស សេចក្តីថ្លៃថ្នូរ និងស្នាដៃរបស់លោក ត្រូវបានបន្សល់ទុកជារៀងរហូតតរៀងទៅ។

គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សូមចូលរួមរំលែកនូវមរណទុក្ខ ដោយក្តីសោកសង្រេងបំផុតជាមួយក្រុមគ្រួសារនៃសព និងសូមបួងសួងឱ្យវិញ្ញាណក្ខន្ធ របស់ឯកឧត្តម សំ សារិត បានទៅកាន់សុគតិភពកុំបីខានឡើយ៕