ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន៤១៦នាក់ មកពីឃុំចំនួន១៣ ក្នុងស្រុកភ្នំស្រួច


(កំពង់ស្ពឺ)៖ សមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ចំនួន៤១៦នាក់ ដែលមកពីឃុំចំនួន១៣ នៃស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានរៀបចំពិធីប្រកាសបញ្ចូល នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

នៅក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ិន ឃុន សមាជិកគណៈកម្មការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈកម្មកាធិការគណបក្សខេត្តកំពង់ស្ពឺ ឯកឧត្តម ទី ប៊ុនថេង ទីប្រឹក្សារបស់សម្ដេចតេជោ ហ៊ុន សែន និងជាក្រុមការងារស្នូលក្រុមចលនាកសាងសមាជិកបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ អមដំណើរបេសកជនពិសេសសម្តេចតេជោហ៊ុន សែន ឯកឧត្តម ហ៊ុន សុខា ទីប្រឹក្សារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឧកញ៉ា លីម ប៊ុណ្ណា ឧកញ៉ា ឡាញ់ ធារ៉ា លោកគង់ លីវ៉ា លោក ស្រៀង ម៉េង លោ កឃន ជឺ ព្រមទាំងលោក លោកស្រីប្រធាន អនុប្រធានសមាជិកសមាជិកាគណៈកម្មការគ ណបក្សស្រុកច្រើនរូប។

ឯកឧត្តម អុិន ឃិន សមាជិកគណៈកម្មការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈកម្មកាធិការគណបក្សខេត្តកំពង់ស្ពឺ បានឡើងមានមតិស្វាគមន៍គណៈអធិបតី ក៏ដូចជាសមាជិកសមាជិកា លោក លោកស្រី ដែលជាសមាជិកថ្មីសូមរួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា និងជាគណបក្សតែមួយគត់ ដែលបានជួយយើងតាំងពីដើមរៀងមក គ្រប់កាលៈទេសៈទាំងអស់។

នៅក្នុងឱកាសនោះ ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះបងប្អូនដែលបានចាកចេញពីគណបក្សផ្សេងមករួមរស់ ជាមួយគណបក្សប្រជាជន គឺជាគណបក្សដែលបងប្អូន ប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ អាចរស់នៅជាមួយគ្នាបាន។ ពិធីបញ្ចូលសមាជិកគណបក្សថ្មី នាថ្ងៃនេះសម្រាប់ឃុំទាំង១៣ មិនមែនជាព្រឹតិ្តការណ៍ដោយឡែកនោះទេ តែជាពិធីដែលបានកើតឡើងនៅទូទាំងប្រទេស គ្រប់ឃុំ សង្កាត់ ក្រុង ស្រុក រាជធានី ខេត្ត ដែលវាជាភស្តុតាងបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សដែលទទួលបានការគាំទ្រ និងគោរពស្រឡាញ់ពី ភ្លូកទឹក ភ្លូកដី ពីប្រជាពលរដ្ឋរបស់យើង។ ទាំងនេះ គឺដោយសារការមើលឃើញពីការដឹកនាំដ៏ត្រឹមត្រូវ និងភាពរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ប្រមុខថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឯកឧត្តម យូ សិរីវុឌ្ឍ បានមានបន្តទៀតថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានប្រវត្តិយូរជាងគេ និងបានអភិវឌ្ឍន៍សមិទ្ធផលរីកចម្រើនយ៉ាងច្រើនឥតគណនា ចំពោះប្រទេសជាតិ ប្រឆាំងអាណានិគម និងការឈ្លាពានរបស់បរទេសគ្រប់ជំនាន់ រំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ការបញ្ចប់សង្គ្រាម និងបង្រួបបង្រួមជាតិ នាំមកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរហូតបច្ចុប្បន្ន។

ឯកឧត្តម យូ សិរីវុឌ្ឍ បានបញ្ជាក់ថា ចំពោះបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ សូមបងប្អូនសមាជិក សមាជិកាទាំងអស់ បន្តការជឿជាក់លើការដឹកនាំដ៏ឈ្លាសវៃ របស់ប្រមុខថ្នាក់ដឹកនាំរបស់យើង ដែលបានប្រកាន់ខ្ជាប់នូវគោលការណ៍ «ស្ងៀមស្ងាត់ តែមិននៅស្ងៀម» រហូតបានការទទួលស្គាល់ពីអន្តរជាតិ។

សមាជិក-សមាជិកាទាំង៤១៦នាក់ មកពីគណបក្សប្រឆាំងផ្សេងៗបានឡើងធ្វើការចាប់អារម្មណ៍នៅប្ដេជ្ញាចិត្តក្រោយពីបានស្ដាប់នូវសេចក្តីសម្រេចដូចខាងក្រោម៖

*១៖ សូមធ្វើការប្ដេជ្ញាស្មោះត្រង់ដាច់ខាតជាមួយគណបក្សប្រជាជនកម្ពុជាឥតងាករេ
*២៖ ប្ដេជ្ញាគាំទ្រទាំងស្រុងនូវកម្មវិធីនយោបាយ និងលក្ខន្តិកៈគណបក្សប្រជាជនកម្ពុជា និងប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួនជាដាច់ខាត
*៣៖ ប្ដេជ្ញាចូលរួមពង្រីកពង្រឹងការសាមគ្គីភាពឲ្យបានល្អប្រសើរ
*៤៖ ប្ដេជ្ញាចូលរួមប្រតិបត្តិក្នុងកិច្ចការជួយមូលដ្ឋាន តាមគោលការណ៍របស់គណបក្សពិសេសការកសាងកម្លាំងបន្ថែមដើម្បីឆ្ពោះទៅដណ្ដើមមហាជោគជ័យដាច់ខាត ក្នុងការបោះឆ្នោតនៅពេលខាងមុខនេះ
*៥៖ ប្ដេជ្ញាយកចិត្តទុកដាក់រាល់ប្រសាសន៍ណែនាំរបស់គណៈអធិបតីឲ្យទទួលបានជោគជ័យដាច់ខាត។

សូមសម្តែងនូវភាពស្មោះត្រង់អស់ពីដួងចិត្ត គោរពតាមគោលការណ៍ អនុវត្តដោយឈរ លើមាគ៌ាដឹកនាំរបស់គណបក្ស មានឧត្តមគតិស្នេហាជាតិ មាតុភូមិ បម្រើប្រជាពលរដ្ឋ និងតម្កល់ផលប្រយោជន៍ជាតិជាធំ និងសូមធ្វើការប្តេជ្ញាចិត្ត ប្រកាសដើរចេញពីបក្សទាំងអស់នោះ និងប្រកាសថ្កោលទោសប្រឆាំងដាច់អហង្ការចំពោះការញុះញុង បង្កចលាចលសំដៅបំផ្លាញសមិទ្ធផល និងបំភ្លៃការពិតចំពោះការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕