ឯកឧត្តម ជា សុផារ៉ា ក្រើនរំលឹកដល់ថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សគ្រប់កម្រិត ត្រូវបន្តកសាងខ្លួនតាមរយៈអំពើល្អ ប្រកាន់ខ្ជាប់នូវសីលធម៌ និងអត្តចរិតថ្លៃថ្នូរ ឱ្យសក្ដិសមជាមន្ត្រីបក្សដែលបម្រើប្រជាជនដោយស្មោះត្រង់


ឯកឧត្តម ជា សុផារ៉ា បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សគ្រប់កម្រិត ត្រូវបន្តកសាងខ្លួនតាមរយៈអំពើល្អ ប្រកាន់ខ្ជាប់នូវសីលធម៌ និងអត្តចរិតថ្លៃថ្នូរ ឱ្យសក្ដិសមជាមន្ត្រីបក្សដែលបម្រើប្រជាជនដោយស្មោះត្រង់។ ឯកឧត្តម បញ្ជាក់ថា នេះគឺជាការឆ្លើយតបទៅនឹងទិសដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ជា សុផារ៉ា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានខេត្តត្បូងឃ្មុំ លើកឡើងបែបនេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារការងារគណបក្សប្រជាជនខេត្តត្បូងឃ្មុំ ក្នុងឆ្នាំ២០២៥ និងដាក់ចេញទិសដៅភារកិច្ចឆ្នាំ២០២៦ ព្រមទាំងផ្សព្វផ្សាយរបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សរបស់គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា។

កិច្ចប្រជុំនេះ ធ្វើឡើងនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សប្រជាជនស្រុកត្បូងឃ្មុំ ស្ថិតនៅភូមិទួលវិហារ ឃុំជីរោទិ៍ទី២ ដោយមានការអញ្ជើញចូលរួមពី អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្ត, ប្រធាន-អនុប្រធានក្រុមការងារចុះមូលដ្ឋានក្រុង-ស្រុក និងឃុំ-សង្កាត់, លោក ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការគណបក្សខេត្ត ព្រមទាំងសមាជិក សមាជិកា នៃគណៈកម្មាធិការបក្សខេត្ត ក្រុង ស្រុក និងមន្ត្រីបក្សពាក់ព័ន្ធសរុបប្រមាណជិត ២,០០០នាក់។

ក្នុងឱកាសនោះ ឯកឧត្តម ជា សុផារ៉ា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីលះបង់ដ៏ខ្ពង់ខ្ពស់របស់មន្ត្រីបក្សគ្រប់ជាន់ថ្នាក់ ដែលបានខិតខំបម្រើប្រជាពលរដ្ឋដោយមិនខ្លាចនឿយហត់ រហូតសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់នាពេលកន្លងមក។ លោក ក៏បានលើកឡើងអំពីបរិការណ៍ពិសេសនៃស្ថានភាពប្រទេសជាតិ ដែលកំពុងប្រឈមនឹងបញ្ហាព្រំដែន ដោយគូសបញ្ជាក់ថា ស្ថានភាពឆ្នាំនេះ មានលក្ខណៈខុសប្លែកពីឆ្នាំមុនៗ ដែលទាមទារឱ្យយើងត្រូវបន្តខិតខំកសាង និងអភិវឌ្ឍជាតិឱ្យកាន់តែរឹងមាំលើគ្រប់វិស័យ ទាំងសេដ្ឋកិច្ច និងការពារជាតិ ដើម្បីធានាដល់អត្ថិភាពជាតិឱ្យបានគង់វង្ស។

ឯកឧត្តម ជា សុផារ៉ា បានសង្កត់ធ្ងន់លើការពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងវិន័យ ដោយត្រូវរួមសហការគ្នាជាកម្លាំងសរុប ទាំងរដ្ឋាភិបាល កងទ័ព និងប្រជាជនជាមួយនឹងការប្ដេជ្ញាចិត្តខ្ពស់ និងការលះបង់ប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីតម្កល់ផលប្រយោជន៍ជាតិជាធំ ក្នុងនាមជាបង្អែកដ៏រឹងមាំនៃសមរភូមិមុខ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។ ឯកឧត្តម បន្ថែមថា បើទោះបីជាខេត្តជាប់ព្រំដែនមួយចំនួន កំពុងរងផលប៉ះពាល់ក៏ដោយក្តី ប៉ុន្តែសម្រាប់ខេត្តត្បូងឃ្មុំ នៅតែបន្តសម្រេចបានសមិទ្ធផលនានាជាច្រើនគួរជាទីមោទនៈ។ ផ្លែផ្កានៃការរីកចម្រើននេះ គឺជាសក្ខីភាពនៃការប្រែប្រួលមុខមាត់ថ្មីក្នុងចលនការវិជ្ជមាន ស្របតាមចក្ខុវិស័យប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រែក្លាយខេត្តត្បូងឃ្មុំ ឱ្យទៅជាមូលដ្ឋានគាំទ្រដ៏រឹងមាំបំផុតរបស់គណបក្ស និងរាជរដ្ឋាភិបាល។

សម្រាប់ទិសដៅឆ្នាំ២០២៦ខាងមុខ ឯកឧត្តម ក៏បានកំណត់យកជាឆ្នាំកសាងមូលដ្ឋានគ្រឹះឱ្យកាន់តែរឹងមាំ ដើម្បីត្រៀមលក្ខណៈសម្បត្តិដណ្ដើមជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ២០២៧ និងឆ្នាំ២០២៨។ ជាមួយគ្នានោះ ឯកឧត្តម ជា សុផារ៉ា ក៏បានជំរុញឱ្យមន្ត្រីបក្សទាំងអស់ ត្រូវអនុវត្តតាមខ្លឹមសាររបាយការណ៍របស់គណៈកម្មាធិការកណ្តាលឱ្យមានប្រសិទ្ធភាពខ្ពស់ និងសូមបន្តពង្រឹងការផ្តល់សេវាសាធារណៈឱ្យបានល្អប្រសើរ ដើម្បីបង្កើនទំនុកចិត្តពីប្រជាពលរដ្ឋ ព្រមទាំងរក្សាបាននូវសុខសន្តិភាព និងបន្តការអភិវឌ្ឍតាមមាគ៌ាដឹកនាំដ៏ភ្លឺស្វាងរបស់គណបក្ស៕