រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានរៀបចំធ្វើតេស្តរកសារធាតុញៀនមន្ត្រីរាជការស៊ីវិល ក្នុងខេត្តកំពង់ចាម ជាលើកទី២។ ពិធីនេះធ្វើឡើងនៅក្នុងបរិវេណសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។
ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា សារធាតុញៀនគឺបង្កនៅផលលំបាកប៉ះពាល់ដល់បញ្ហាសន្តិសុខភាព ការបំផ្លាញទ្រព្យសម្បត្តិ ធ្វើឱ្យខូចដល់អនាគតយុវជនជាដើម។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ការពិនិត្យរកសារធាតុញៀនមន្ត្រីរាជការពេលនេះ គឺក្នុងគោលបំណង ៣ដូចខាងក្រោម៖
*ទី១៖ បញ្ជាក់ថាមន្ត្រីរបស់យើងមានភាពស្អាតស្អំ មិនមានអ្នកប្រើប្រាស់សារធាតុញៀននៅក្នុងអង្គភាព និងជាកន្លែងផ្ដល់សេវាសាធារណៈ សេវារដ្ឋបាលល្អ ជាមជ្ឈមណ្ឌលមិនមានការប្រើប្រាស់សារធាតុញៀន។
*ទី២៖ ជាគំរូល្អដល់ប្រជាពលរដ្ឋ ដល់មហាជន ឱ្យរៀនសូត្រពីមន្ត្រីរបស់យើង ដើម្បីពួកគាត់បានដុះខាត់នូវស្មារតី របស់ពួកគាត់កុំឱ្យពាក់ព័ន្ធជាមួយសារធាតុញៀន និងជាការបញ្ជូនសារទៅកូនចៅក្នុងបន្ទុក របស់ពួកគាត់កុំឱ្យពាក់ព័ន្ធ នូវសារធាតុញៀននោះ។
*ទី៣៖ គឺបញ្ជាក់ពីការចូលរួមរបស់មន្ត្រីយើងជាមួយនឹងរាជរដ្ឋាភិបាល ដែលរាជរដ្ឋាភិបាលយើងបានខិតខំប្រឹងប្រែងគិតគូរ អំពីសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងជីវភាពសេដ្ឋកិច្ចសង្គម ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានសុខសុភមង្គល ដោយបានដាក់ចេញនូវគោលការណ៍ឱ្យសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការបង្ក្រាប ការផ្សព្វផ្សាយ ការអនុវត្តច្បាប់ ទៅលើបញ្ហាពាក់ព័ន្ធគ្រឿងញៀន។
ឯកឧត្តមអភិបាលខេត្ត បានរំលឹកផងដែរថា លើកទី១ នៅក្នុងឆ្នាំ២០២៥ រដ្ឋបាលខេត្ត បានរៀបចំយុទ្ធនាការនេះ ទៅលើមន្ត្រីរាជការបានជាង ១៤,០០០នាក់។ រីឯលើកទី២ ក្នុងឆ្នាំ ២០២៦នេះ រដ្ឋបាលខេត្ត និងធ្វើការពិនិត្យរកសារធាតុញៀនលើមន្ត្រីរាជការស៊ីវិលឱ្យបានគ្រប់ៗគ្នាទាំងថ្នាក់ខេត្ត ថ្នាក់ក្រុង-ស្រុក និងថ្នាក់ ឃុំ-សង្កាត់ ដូចឆ្នាំ២០២៥ ផងដែរ ទៅតាមតំណាក់កាលនីមួយៗ៕








