ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រកាសតែងតាំងចូលកាន់មុខតំណែង លោក យង់ លេង ជាប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកែប ជំនួស លោក ចាន់ សាម៉េង ត្រូវបានផ្ទេរទៅទទួលភារកិច្ច ជាសមាជិកក្រុមប្រឹក្សាខេត្ត។ ពិធីនេះបានប្រព្រឹត្តទៅ នារសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកែប។
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានលើកឡើងថា ការតែងតាំងលោក យង់ លេង ឲ្យចូលកាន់មុខតំណែងថ្មី នាឱកាសនេះ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្ស ពង្រឹងរចនាសម្ព័ន្ធរដ្ឋបាល និងលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវ ក្នុងការបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិ ជាពិសេសការអនុវត្តគោលនយោបាយកំណែទម្រង់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ លោកសង្ឃឹមយ៉ាងមុតមាំថា លោក យង់ លេង ដែលត្រូវបានតែងតាំងជាប្រធានមន្ទីរថ្មី នឹងខិតខំបំពេញតួនាទី ភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ បន្តពង្រឹងការផ្តល់សេវាសុខមាលភាពសង្គម ជាពិសេសចំពោះជនក្រីក្រ និងក្រុមងាយរងគ្រោះ អោយកាន់តែមានប្រសិទ្ធភាព។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី បានអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលខេត្តកែប និងមន្ទីរសង្គមកិច្ចខេត្ត ដែលបានខិតខំសហការជាមួយរាជរដ្ឋាភិបាល ក្នុងការដឹកនាំគ្រប់គ្រង និងបម្រើផលប្រយោជន៍ ជូនប្រជាពលរដ្ឋ រហូតទទួលបានសមិទ្ធផលគួរជាទីមោទនៈ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញេី ដល់លោកប្រធានមន្ទីរ ដែលទើបតែងតាំងថ្មី ឲ្យយកចិត្តទុកដាក់ដឹកនាំ និងសម្របសម្រួលការងារជាមួយមន្ត្រីក្រោមឱវាទ អនុវត្តកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ព្រមទាំងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឆ្នាំ២០២៤–២០២៨ ឲ្យមានប្រសិទ្ធភាពខ្ពស់៕

























