សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានបន្ដប្រកាសតម្កល់កិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា គឺបញ្ហាទឹកដី និងប្រជាជន ដែលត្រូវតែបន្ដយក ចិត្តទុកដាក់ខ្ពស់បំផុតក្នុងការដោះស្រាយ ហើយរាជរដ្ឋាភិបាលមិនបោះបង់កាតព្វកិច្ចនេះឡើយ ពោលការពារអធិបតេយ្យជាតិទឹកដី និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។
មានប្រសាសន៍ក្នុងជំនួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ប្រមាណជាង ៣ពាន់នាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បើទោះបីមិនបានរៀបរាប់លម្អិតអំពីវិធានការនានា ប៉ុន្ដែបានអះអាងថា កិច្ចការអាទិភាពខាងលើនេះ គឺរាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់ខ្ជាប់ជាប្រចាំចាប់តាំងពីដំណាក់កាលនៃការផ្ទុះអាុវធលើកទី១ និងបន្ដមកលើកទី២នេះ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសុំមិនរៀបរាប់លម្អិតទៅលើបញ្ហា ឬវិធានការក្នុងការដោះស្រាយ ប៉ុន្ដែអ្វីដែលសំខាន់ខ្ញុំចង់បញ្ជាក់ថា សម្រាប់រាជរដ្ឋាភិបាលតាំងពីដើមទី តាំងពីការផ្ទុះអាវុធលើកទី១ និងទី២ រឿងទឹកដី និងប្រជាជន គឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល […] រាជរដ្ឋាភិបាលមិនបោះបង់កាតព្វកិច្ចនេះឡើយ ពោលការពារអធិបតេយ្យជាតិទឹកដី និងអាយុជីវិតរបស់ប្រជាពលរដ្ឋយើង»។
ជាមួយគ្នានេះ សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានថ្លែងអំណរគុណប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងអស់ ដែលកំពុងរស់នៅក្នុងប្រទេស ឬក្រៅប្រទេស ពិសេសយុវជនដែលកន្លងទៅបានបង្ហាញស្មារតីរួមគ្នា នៅក្នុងការជួយដល់វីរៈកងទ័ព វីរៈនគរបាលជាតិរបស់ ជួយទៅដល់ជនភៀសសឹករបស់យើង ដែលនេះជាស្មារតីស្នេហាជាតិមួយធំណាស់ ជាកម្លាំងជាតិមួយធំជួយគ្នានៅក្នុងគ្រាលំបាក។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ស្មារតីនេះបានបង្ហាញយ៉ាងជាក់ច្បាស់ថា គ្មានអ្នកណាជួយខ្មែរ ខ្លាំងជាងខ្មែរខ្លួនឯងនោះទេ ហើយសម្ដេចពិតជាយល់ច្បាស់ អំពីការព្រួយបារម្ភចំពោះក្រុមគ្រួសារ ក៏ដូចជាប្រជាជនកម្ពុជានៅទូទាំងប្រទេស ពាក់ព័ន្ធបញ្ហាព្រំដែនដែលកន្លងទៅបង្កឲ្យមានការបាត់បង់ជីវិត រងរបួសប្រជាជនស៉ីវិល កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាបំផ្លាញផ្ទះសម្បែងសាធារណៈ និងទ្រព្យសម្បត្តិផ្សេងៗ។
ក្នុងន័យនេះ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា រាល់វិធីសាស្ត្រទាំងឡាយដែលបញ្ជាក់អំពីអធិបតេយ្យភាព និងបូរណភាពទឹកដី ដោយមិនបង្កការខ្ទេចខ្ទាំ និងការឈឺចាប់ដល់ប្រជាពលរដ្ឋ គឺរាជរដ្ឋាភិបាលនឹងជ្រើសយកវិធីសាស្ត្រនោះ ដូច្នេះសូមការយោគយល់ដែលរាជរដ្ឋាភិបាល មិនអាចបង្ហាញពីវិធីសាស្ត្រដោះស្រាយបញ្ហាជម្លោះទឹកដីជាមួយថៃ តែរាជរដ្ឋាភិបាល បាននិងកំពុងប្រឹងប្រែងដោះស្រាយ៕
























































