សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំក្រសួងអប់រំ យុវជន និងកីឡា ត្រូវបង្កើនលទ្ធភាពតាមគ្រប់រូបភាព ដើម្បីបណ្តុះបណ្តាលសិស្សពូកែ រាប់ចាប់តាំងពីកម្រិតមត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សាទុតិយភូមិ និងរៀបចំឱ្យមានការគាំទ្រចំពោះមុខដល់សិស្សរៀនពូកែដែលកំពុងជួបបញ្ហា ទាំងក្នុងការរស់នៅ និងការរៀនសូត្រ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅ OCIC ជ្រោយចង្វារ។
សម្តេចមហាបវរធិបតី មានប្រសាសន៍បន្ថែមទៀតថា «ត្រូវផ្តល់នូវការតម្រង់ទិសសិក្សា ដើម្បីឱ្យសិស្សពូកែរបស់យើងឈានចូល និងបន្តការសិក្សានៅកម្រិតបន្តបន្ទាប់ នៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សាឈានមុខ នៅលើសកលលោក ដែលនឹងក្លាយជាធនធានដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ ជាពិសេស មុខជំនាញ វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា»។
ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ក៏បានណែនាំឱ្យរៀបចំចងក្រងនូវបទពិសោធរបស់ក្មួយៗដែលជាសិស្សពូកែ អំពីវិធីសាស្រ្តក្នុងការរៀនសូត្រឱ្យក្លាយជាសិស្សពូកែ ដើម្បីចែករំលែកដល់សិស្សានុ សិស្សដទៃទៀត។ ព្រមទាំងផ្តួចផ្តើមនូវអន្តរាគមន៍នានា ដើម្បីបំពាក់បំប៉នបន្ថែមដល់សិស្សពូកែឱ្យកាន់តែមានលទ្ធភាពប្រកួតប្រជែងខ្ពស់ជាងមុន ក្នុងការប្រកួតប្រជែងកម្រិត តំបន់ និងអន្តរជាតិ។
លើសពីនេះទៅទៀត សម្តេចណែនាំឲ្យបន្តផ្តល់អាហារូបករណ៍ដល់សិស្សពូកែ សិស្សជួបការលំបាក ជាពិសេស សិស្សនារី និងសិស្សក្នុងគ្រួសារក្រីក្រ និងធានាប្រសិទ្ធភាព នៃការអនុវត្តកម្មវិធីសិក្សាផ្នែក គណិតវិទ្យា វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង ភាសាបរទេស ដើម្បីឱ្យស្របទៅនឹងចរន្ត នៃការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្នុងបរិការណ៍នៃបដិវត្តឧស្សាហកម្មទី ៤.០។
ទន្ទឹមគ្នានេះ សម្តេចបានណែនាំ ត្រូវបន្តអនុវត្តឱ្យកាន់តែសកម្មនូវគោលនយោបាយអភិវឌ្ឍវិស័យអប់រំ ដើម្បីធានាថា ការអប់រំមានគុណភាព ប្រកបដោយបរិយាប័ន្ន និងលើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិត សម្រាប់ទាំងអស់គ្នា។ ជាមួយនេះ ត្រូវខិតខំជំរុញ និងពង្រីកកម្មវិធីអប់រំកុមារតូច និងបង្កលក្ខណៈឱ្យកុមារ បានសិក្សាយ៉ាងតិច៩ឆ្នាំ នៅសាលារៀន ដែលមានបរិស្ថានស្អាត និងអនាម័យល្អ។
សម្តេចមហាបវរធិបតី បានគូសថា ការពង្រឹងគុណភាពវិស័យអប់រំកម្ពុជា គឺជាគោលដៅឤទិភាពរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ សម្រាប់អនុវត្តនៅគ្រប់ដំណាក់កាល គឺការអប់រំឱ្យមានចំណេះដឹងទូលាយ ជំនាញពិតប្រាកដ ព្រមទាំង សីលធម៌ គុណភាព និង មនសិការស្នេហាជាតិ ជាពិសេស ការបណ្តុះបណ្តាលជំនាញបច្ចេកទេស វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា ការតម្រង់ទិសសម្រាប់ទីផ្សារការងារ និងការពង្រឹងជំនាញបច្ចេកទេសដល់យុវជន សំដៅធានាថា «យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» ដើម្បីលើកស្ទួយជីវភាពគ្រួសារឱ្យកាន់តែល្អប្រសើរ និងរួមចំណែកក្នុងកាអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ៕

























































