ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងសារដាស់តឿនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងកម្លាំងសមត្ថកិច្ច ក្នុងខេត្តកោះកុង ត្រូវពង្រឹងភាពស្អាតស្អំ និងចៀសវាងប្រព្រឹត្តអំពើពុករលួយ។
ឯកឧត្តមថ្លែងបែបនេះ ក្នុងឱកាសដឹកនាំមន្ត្រីក្រោមឱវាទ បើកកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ ដោយមានការទទួលស្វាគមន៍ ដោយឯកឧត្តម ថុង ណារ៉ុង ប្រធានក្រុមប្រឹក្សាខេត្ត, លោកជំទាវ ឈីវ៉ា អភិបាលខេត្តកោះកុង និងមន្ត្រីរាជការគ្រប់បណ្ដាក្រុង ស្រុក និងកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលមហោស្រពខេត្តកោះកុង។
ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងដាស់តឿនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងកងកម្លាំងសមត្ថកិច្ចក្នុងខេត្តកោះកុង ត្រូវបង្កើនការពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈរបស់ខ្លួន ឱ្យបានល្អប្រសើរ និងចៀសវាងប្រព្រឹត្តអំពើផ្ទុយច្បាប់នាំឲ្យមានបញ្ហា។ គ្រប់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងសមត្ថកិច្ចពាក់ព័ន្ធខេត្តកោះកុង ចាំបាច់ត្រូវតែរួបរួមពង្រឹងភាពស្អាតស្អំតាមតួនាទីភារកិច្ចការងាររបស់ខ្លួន តាមរយៈការមិនត្រូវប្រព្រឹត្តអំពើពុករលួយគ្រប់រូបភាពសំដៅការពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ។
ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បញ្ជាក់បន្ថែមថា មន្ត្រីរាជការ និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ចាំបាច់ចូលរួមជំរុញកសាងរដ្ឋបាលឲ្យបានស្អាតស្អំនៅតាមស្ថាប័នរៀងៗខ្លួន សំដៅឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ តាមរយៈការមិនប្រព្រឹត្តអំពើពុករលួយគ្រប់រូបណាមួយឡើយ។
ឯកឧត្តមប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ជំរុញដល់ថ្នាក់ដឹកនាំខេត្ត និងមន្រ្តីរាជការសមត្ថកិច្ចជុំវិញខេត្តកោះកុង ត្រូវបានចូលរួមពង្រឹងភាពស្អាតស្អំទៅតាមតួនាទីភារកិច្ចការងាររបស់ខ្លួនអោយបានល្អប្រសើរ ចៀសវាងការលួចប្រព្រឹត្តអំពើពុករលួយដែលផ្ទុយនឹងច្បាប់ហាមឃាត់ និងសំដៅការពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ។ ទោះយ៉ាងណា លោកក៏បានមើលឃើញថា រដ្ឋបាលខេត្តកោះកុងបានកំពុងអនុវត្តតួនាទីភារកិច្ចបានល្អរលូន ហើយបែបនេះក្តីដំណើរការស៊ើបអង្កេតបញ្ហាពុករលួយណា មិនត្រូវបានលាតត្រដាងជាសាធារណៈពេកនោះទេ។
លោកជំទាវ ឈី វ៉ា បានចាត់ទុកការក្រើនរម្លឹករបស់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយថា ជាផែនទីបង្ហាញផ្លូវប្រកបដោយសក្កិសិទ្ធិភាពក្នុងការអនុវត្តការងារ និងការផ្តល់សេវាជូនប្រជាពលរដ្ឋដោយភាពស្អាតស្អំ គុណធម៌ តម្លាភាព និងយុត្តិធម៌ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគិតយុត្តិកំណត់។
លោកជំទាវអភិបាលខេត្ត ក៏បានទាមទារដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធក្រោមឱវាទរបស់ខ្លួនចាំបាច់អនុវត្តការងារប្រកបដោយភាពទទួលខុសត្រូវ និងធានាមិនចូលរួមសកម្មភាពប្រព្រឹត្តអំពើពុករលួយណាមួយក្នុងមូលដ្ឋានគ្រប់គ្រង។ នៅឆ្នាំ២០២៥ រដ្ឋបាលខេត្តកែសម្រួលសមាសភាពក្រុមជំនួយការរបស់ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយក្រសួងមហាផ្ទៃ ផ្នែកមន្រ្តីរដ្ឋបាលស៊ីវិល និងផ្តើមអនុវត្តការងារស្របតាមនីតិវិធីចំពោះមន្រ្តីដែលជាប់កាតព្វកិច្ច ដើម្បីប្រកាសទ្រព្យសម្បត្តិ និងបំណុលចំនួន ១៩១នាក់ ស្រ្តីចំនួន ៥៤នាក់។ ក្នុងនោះបានប្រកាសតាមរបប ២ឆ្នាំ ចំនួន ១៨៩នាក់ និងមរណភាព ២នាក់។
ក្នុងនោះ លោកជំទាវបានណែនាំដល់មន្ត្រីគ្រប់ស្ថាប័ន ត្រូវមានភាស្អាតស្អំស្មោះត្រង់៕










